ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព ចូលទៅលួចកាច់សោ.កម៉ូតូ១គ្រឿង ដែលគេចតនៅខាងក្រោមបន្ទប់ជួល បានសម្រេច បម្រុងជិះគេចខ្លួន តែត្រូវម្ចាស់តាមទាន់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទាប់ជួល ក្បែរភោជនីយដ្ឋានអស់កង្វល់២ តាមបណ្តោយផ្លូវ២០០២ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យខាងលើឈ្មោះ អាគ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ ចំណែកឯជនរងគ្រោះឈ្មោះ ជុន លីនដា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទាប់ជួលកើតហេតុ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស័រគីនិច ស៊េរី០១៩ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1HU-2395 ធ្វើដំណើរត្រឡប់មកពីកន្លែងធ្វើការរួច បានឈប់ចតចាក់សោ.កម៉ូតូទុកនៅកន្លែងកើតហេតុដូចសព្វដង។ បន្ទាប់មកគាត់ បានឡើងទៅបន្ទប់របស់ខ្លួន នៅឯជាន់ខាងលើ ដើម្បីរៀបចំធ្វើម្ហូបអាហារ។ លុះដល់វេលាកើតហេតុ ម្ចាស់ផ្ទះខាងលើ បានឮសំទ្បេងម៉ាស៊ីនម៉ូតូបញ្ឆេះជិះ រួចក៏ស្ទុះចេញមកមើល ស្រាប់តែឃើញបក្ខពួកជនសង្ស័យខាងលើ ឡើងជិះម៉ូតូរបស់ជនរងគ្រោះ បម្រុងជិះរត់គេចខ្លួន ទើបម្ចាស់ផ្ទះបានស្រែកឆោឡោ បង្កឲ្យបក្ខពួករបស់ជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាព ភ័យស្លន់ស្លោរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់សម្រោល។
ភ្លាមៗនោះ អ្នកជួលបន្ទប់ស្នាក់នៅ បានភ្ញាក់ផ្អើល ក៏នាំគ្នាចេញពីក្នុងបន្ទប់ មកជួយដេញចាប់បានជនសង្ស័យខាងលើតែម្តង រួចម្ចាស់ផ្ទះ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ និងធ្វើការសាកសួរជនសង្ស័យភ្លាមតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម កសាងសំណុំរឿង បញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់ទៅឲ្យជនរងគ្រោះ ត្រឡប់ទៅវិញផងដែរ៕
មតិយោបល់