ភ្នំពេញៈ ក្រុមជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលបានវាយប្លន់ម៉ូតូមួយគ្រឿងមិនបានសម្រេច គេចខ្លួនបាន៣ថ្ងៃ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១០៤ ក្រុម១ ភូមិបាក់ទូក ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលពាក់ព័ន្ធករណីវាយប្លន់ម៉ូតូមិនបានសម្រេចទី១ឈ្មោះ ឌុច ម៉ុងតារា ភេទប្រុស អាយុ៣៦ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ទី២ឈ្មោះ ស៊ុម បញ្ញាភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
ជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទី១ឈ្មោះ យឹម សុជាតា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ។ ទី២ឈ្មោះ សម្បត្តិ នីតា ភេទស្រី មុខរបរបុគ្គលិកហាងខារ៉ាអូខេ អ្នកទាំង២ស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ។
ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ម៉េង សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់ទឹកមាស។
បាត់បង់៖ កាបូបលុយមួយដែលក្នុងនោះមានលុយចំនួន៨០ដុល្លារ។
ប្រភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៧០កែងផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានករណីវាយប្លន់យកម៉ូតូម៉ាក់ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ស្លាកលេខព្រៃវែង1M-7604 ពណ៌ខ្មៅ មិនបានសម្រេច បង្កដោយជនសង្ស័យចំនួន៣នាក់ពីជនរងគ្រោះ ខណៈដែលជនរងគ្រោះជិះម៉ូតូទៅទិញបាកាស។ រួចឈប់ចាក់សោម៉ូតូដើរទៅទិញបាកាសត្រូវជនសង្ស័យវាយប្លន់ដណ្តើមសោម៉ូតូនិងកាបូបលុយ បណ្តាលឲ្យជ្រុះសោម៉ូតូមកលើដី ហើយជនរងគ្រោះក៏រើសសោបានមកវិញក៏មានការផ្អើលឆោឡោដល់សមត្ថកិច្ចយាមល្បាតក្នុងមូលដ្ឋានអន្តរាគមន៍ ពួកជនសង្ស័យគេចខ្លួនអស់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកមីអូ។
ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចបានកំណត់មុខសញ្ញាស្រាវជ្រាវរហូតដល់ម៉ោងឃាត់ខ្លួនខាងលើ សមត្ថកិច្ចក៏បង្ក្រាបបានជនសង្ស័យចំនួន២នាក់ដោយឡែកស្ត្រី២នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
ចំណែកបុរសម្នាក់ឈ្មោះ ទីគា ភេទប្រុស អាយុ២១ឆ្នាំ មិនពាក់ព័ន្ធបទលើស ត្រូវសមត្ថកិច្ចធ្វើសាវតាជាតិឲ្យអាណាព្យាបាលយកត្រឡប់ទៅវិញ។
សមត្ថកិច្ចដកហូតវត្ថុតាងមានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនរួមទាំងឧបករណ៍សម្រាប់ប្រើកាច់.កម៉ូតូផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណំរឿងចាត់ការតាមនីតីវិធី៕
មតិយោបល់