ភ្នំពេញៈ បុរសចំនួន២នាក់ បានយកម៉ូតូមិត្តភក្តិហើយគេចខ្លួនបាត់មួយរយៈ ក្រោយមកទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្នាក់ យកមកសួរនាំ ខណៈដែលជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ប៉ុន កែវឯក ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជុសម៉ូតូ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ មាស ភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។
តាមសម្តីជនរងគ្រោះ មុនពេលកើតហេតុ កាលពីមុនថ្ងៃបុណ្យអុំទូករូបគាត់បានជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-2557 ឌុបឈ្មោះ ធី ទៅបន្ទប់ជួលឈ្មោះ ប៉ុន កែវឯក ពេលទៅដល់ជនសង្ស័យទាំង២នាក់បានខ្ចីម៉ូតូទៅទិញទឹកពេលនោះរូបគាត់ក៏បានឲ្យជិះយកទៅបាត់។ ក្រោយមកទើបឈ្មោះ ប៉ុន កែវឯក ក៏បានដើរមកម្នាក់ឯង ហើយរូបគាត់ក៏បានសួរនាំពេលនោះជនសង្ស័យប្រាប់ថា ឈ្មោះ ធី ជិះមិនដឹងទៅណាទេ ទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ លុះមកដល់ថ្ងៃទី២៧ ជនសង្ស័យនៅមិនទាន់យកម៉ូតូឲ្យទៀត ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ុន កែវឯក តែម្តង។ ចំណែកឈ្មោះធីគេចខ្លួនរួមទាំងម៉ូតូទៅបាត់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕
មតិយោបល់