ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀន២កញ្ចប់តូច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងពួកគាត់បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍នៅត្រង់ចំណុចកើតហេតុខាងលើ ដើម្បកាត់បន្ថយនិងទប់ស្កាត់បទល្មើសដែលកើតឡើង ដោយប្រការណាមួយ។ ជាលទ្ធផលកម្លាំងពួកគាត់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមទាំងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លា២កញ្ចប់តូចផ្សេងគ្នា។ ដោយជនសង្ស័យទីមួយមានឈ្មោះ សុខ ឃឿន ភេទប្រុស អាយុ២៨ឆ្នាំ ជាចុងភៅនៅហាងមួយកន្លែង ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ,ទី២ឈ្មោះ បាន សុភក្រ័ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករត់តុ ស្នាក់នៅជាមួយគ្នា និងធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FM-1111 រួមទាំងថ្នាំញៀនប្រភេទក្រាមសថ្លា១កញ្ចប់តូច។ ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀត ដែលទី១មានឈ្មោះ ជា មែងលីន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទី២មានឈ្មោះ តឺន រួន ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅជាមួយគ្នា ដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់តូច។
ក្រោយពេលកើតហេតុជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនិងកសាងសំណុំរឿងនៅឯអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការចាត់បន្តតាមនីតិវិធីច្បាប់៕
មតិយោបល់