ព័ត៌មានជាតិ

មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យផលិតផលបន្លែ ផ្លែឈើនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពីមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះត្រួតពិនិត្យទំនិញនាំចេញ ទំនិញនាំចូល បន្លែ ផ្លែឈើ តាមច្រកទ្វារនាំទំនិញ ចេញចូល និងនៅតាមផ្សារបន្លែក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនោះដែរមន្ត្រីជំនាញបានដកយកគំរូបន្លែ ផ្លែឈើ ចំនួន ២១គំរូ មកមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញកាកសំណល់ថ្នាំពុលកសិកម្ម ប្រភេទ Organophosphorous (OP) or Carbamate មាននៅលើស្លឹកខ្ទឹម។ បន្ទាប់មកមន្ត្រីជំនាញ ក៏បានពន្យល់ណែនាំដល់អាជីវករ ដែលលក់បន្លែទាំងអស់ឲ្យប្រយ័ត្ន ចំពោះការនាំទំនិញមកលក់ ត្រូវសួររកប្រភពច្បាស់លាស់ជៀសវាង ពេលមានហានិភ័យកើតឡើងដល់សុខភាពរបស់អ្នកទទួលទាន៕

មតិយោបល់