ភ្នំពេញៈ បុរសម្នាក់ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ករណីបង្កហិង្សាដោយចេតនា ហើយរត់គេចខ្លួនរយៈពេលជិត៣ឆ្នាំ ស្មានតែអាចរួចខ្លួនពីសំណាញ់ច្បាប់ ពេលដែលភ្លេចខ្លួនត្រឡប់មកវិញ កម្លាំងនគរបាលខណ្ឌឫស្សីកែវចាប់ខ្លួនចាត់ការទៅតាមនិតីវិធី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
បើតាមការឲ្យបានដឹងពីសមត្ថកិច្ចនៅក្នុងការតាមស្រាវជ្រាវចាប់ខ្លួនបុរស ខាងលើនេះដែរ គឺបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៨ ត.ព្រ ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៥ ក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នៅត្រង់ចំណុចខាងមុខផ្ទះលេខ១៥១អឺ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះ លី ឡាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទៅតាមដីកាបង្គាប់របស់តុលាការ ក្នុងករណីហិង្សាដោយចេតនា រហូតមកដល់ព្រឹកថ្ងៃទី៣ ខែធ្នូនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់