ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័របុកម៉ូតូនៅផ្លូវបែកជាបួន បណ្តាលឲ្យមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡង់គ្រីស័រ ជ្រុលបុកម៉ូតូហុងដាឌ្រីម មួយគ្រឿង បណ្ដាលឲ្យបុរស០៣នាក់ រងរបួសធ្ងន់ស្រាល ក្បែរវិទ្យាស្ថាន ភាសាបរទេស ស្ថិតតាមបណ្ដោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរស០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1N-2027 ធ្វើដំណើរតាមបណ្ដោយផ្លូវ១២២ លុះដល់ត្រង់ចំណុចកើតហេតុ បានជិះឆ្លងកាត់ផ្លូវលេខ២៦១ ស្រាប់តែរថយន្ត មួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-9298 បើកបរដោយបុរសម្នាក់ ទិសដៅពី ជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ រងរបួសបាក់ជើងឆ្វេង និងពីរនាក់ទៀត រងរបួសស្រាល ។ ជនរងគ្រោះត្រូវបានរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗ ផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់