ព័ត៌មានជាតិ

(មានវិដេអូ) ប៉េអឹមស្រុកស្នួលចាប់រថយន្តធុនធំ១គ្រឿងដឹកឈើលេខ១ជាង១០ម៉ែត្រគូប

ក្រចេះ: ឈើលេខ១សុក្រំប្រភេទឈើមូល ដែលគេដឹងថា បានលួចកាប់អារច្រៀក ក្នុងព្រៃតំបន់អភិរក្សសីមា និងព្រៃដែនជម្រកសត្វស្នួល និងក៏បម្រុងដឹកសំដៅចូលទឹកដីវៀតណាម តាមច្រករបៀងខេត្តជាប់ព្រំប្រទល់ក្រចេះ-មណ្ឌលគីរី ត្រូវបានកម្លាំងអាវុធហត្ថស្រុកស្នួល សហការជាមួយមន្រ្តីអភិរក្សដែនជម្រកចាប់កាលពីថ្ងៃទី៣ ខែកក្កដា ឆ្មាំ២០១៦ កន្លងមកនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ឈើសុក្រំហុបមូល ដែលបានអារកាត់ជាកំណាត់តូច-ធំ មានចំនួនរាប់រយកំណាត់ បរិមាណមិនក្រោមពីជាង១០ម៉ែត្រគូប ត្រូវបានក្រុមសមត្ថកិច្ច ចូលបង្រ្កាបបាន នៅក្នុងព្រៃមួយកន្លែង ចំណុចអូរប៉ោ ឃុំឃ្សឹម ស្រុកស្នួល ខណៈដែលឈើទាំងនេះ ត្រូវបានឈ្មួញដឹកតាមរថយន្តកូរ៉េចំណុះ៥តោន យកមកលាក់ ដើម្បីរកឱកាសដឹកចេញ។

សមត្ថកិច្ចបានឲ្យដឹងថា ទោះជាបែបណាក្នុងការបង្ក្រាបរថយន្តកូរ៉េដឹកឈើសុក្រំនេះ ក្រៅពីមានរថយន្ត និងឈើជាច្រើនរយកំណាត់ដែលផ្ទុកស្មើទ្រង់ឡាន ដែលត្រូវបានចាប់ឃាត់ គឺមិនមានអ្វីផ្សេងទៀតនោះទេ ដោយសមត្ថកិច្ចអះអាថា អ្នកបើករថយន្តនិងព្រូបានគេចខ្លួនក្រោយពីដឹងសភាពការមុន។

ទោះជាយ៉ាងណាក្តីមិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ឲ្យច្បាស់ថា ឈើល្មើសច្បាប់ចំនួនជាង១០ ម៉ែត្រគូបខាងលើនេះ ថា ជាកម្មសិទ្ធរបស់ជនល្មើសរូបណាឲ្យប្រាកដនោះទេ។ ប៉ុន្តែបើបើយោងតាមប្រភពព័ត៌មានក៏ដូចជាសេចក្តីរាយការណ៍នានាបានឲ្យដឹងថា ឈើទាំងនេះ ត្រូវឈ្មួញលួចកាប់អារចេញពីតំបន់អភិរក្សសីមា ក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី និងខ្លះទៀត បានលួចកាប់អារនៅក្នុងតំបន់ព្រៃដែនជម្រកស្នួល។ ហើយសកម្មភាពការកាប់អារ និងដឹកជញ្ជូនក៏ត្រូវបានគេដឹងថា គឺធ្វើឡើងជាប្រចាំដោយរូបភាពលួចលាក់បំផុត។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ឈ្មួញឈើដែលនៅពីក្រោយ ការដឹកជញ្ជូននិងការកាប់ ទិញលក់នេះសុទ្ធសឹងជាយោធាចំណុះឲ្យវរៈការពារព្រំដែន ដែលមានទីបញ្ជាការនៅក្បែរៗនោះ។

ជុំវិញការបង្រ្កាបបទល្មើសដឹកជញ្ជូនឈើ ពីសំណាក់កងកម្លាំងប៉េអឹមស្រុកស្នួល លោកអនុសេនីយ៍ឯក ម៉ៅ សុផុន មេបញ្ជាការរងអាវុធហត្ថស្រុកស្នួល បានឲ្យដឹងថា បន្ទាប់ពីមានការចាប់ឃាត់រថយន្ត និងឈើទាំងនេះបាននាំយកមករក្សាទុកនៅស្នាក់ការអភិរក្សឈើទាំងនេះក៏ ត្រូវបានកម្លាំងប៉េអឹមស្រុកប្រគល់ទៅឲ្យមន្រ្តីអភិរក្ស ដើម្បីមានវិធានការបន្ត។ ចំពោះវិធានការស្រាវជ្រាវរកម្ចាស់ឈើ ដើម្បីមានវិធានការយ៉ាងណាទៀតនោះ ត្រូវបានលោកអនុសេនីយ៍ឯកបញ្ជាក់ថា កិច្ចការងារនេះទុកឲ្យមន្រ្តីជំនាញជាអ្នកបន្តនីតិវិធី៕

https://youtu.be/b1w5hhsSNbk

មតិយោបល់