ភ្នំពេញៈ រថយន្ត TUNDRA មួយគ្រឿង បើកបោះពួយយ៉ាង ដោយបំពានភ្លើងសញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុកបុរសជាកម្មករអូរទេះបន្លែម្នាក់ ដែលកំពុងដើរឆ្លងផ្លូវចំពេញទំហឹង រួចរថយន្តព្យាយាមបើករត់ តែក៏ត្រូវសមត្ថកិច្ចរកឃើញ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្សារដើមគ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
សពបុរសរងគ្រោះមានឈ្មោះ អែម រស្មី អាយុ៤៥ឆ្នាំ ជាកម្មករស៉ីឈ្នួលអូសរទេះបន្លៃនៅផ្សារនាគមាស ស្នាក់នៅក្នុងបន្ទាប់ជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានលីស្រាបៀរមួយកេះ ដោយធ្វើដំណើរថ្មើរជើងចេញពីផ្សារ ហើយបានដើរឆ្លងផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច។ លុះដើរឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOA TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AD-7000 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងបានបើកបំពានភ្លើងសញ្ញាចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបុរសរងគ្រោះពេញទំហឹង និងកិនពីលើបុរសរងគ្រោះ បណ្ដាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ។ ភ្លាមៗនោះរថយន្តបង្កក៏បានព្យាយាមបើករត់គេចខ្លួន ទៅឈប់ចតនៅក្នុងខារ៉ាអូខេ «ដាប់ប៊ែលយូ» ដែលនៅតាមបណ្តោយផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគ។ បន្ទាប់មកក៏បានចុះពីលើរថយន្តរួចគេចខ្លួនចេញទៅបាត់ ដោយបន្សល់ទុកតែរថយន្តបង្កនៅក្នុងខារ៉ាអូខែនោះ។
ដោយឡែកបុរសរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត តែជាអរកុលសខណៈដែលដឹកទៅដល់បុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់