Post News Media ព័ត៌មានជាតិ បើស្រវឹងសូមកុ...

បើស្រវឹងសូមកុំបើកបរ! សង្ស័យស្រវឹងស្រា បុរសម្នាក់ បើករថយន្ត បុក​រូបសំណាក​ដំរី​សទាំង​កំរោល បណ្ដាល​ឲ្យ​រលំ​ផ្ងារ​ជើង ​បាក់បែក​គ្មាន​សល់

បាត់ដំបង: កាលពី​វេលា​ម៉ោង​២​ រំលង​អធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១២ ​ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត​​មួយ​គ្រឿង​ ​បើក​បុក​រូបសំណាក​ដំរី​សទាំង​កម្រោល បណ្ដាល​ឲ្យ​រលំ​ផ្ងារ​ជើង​បាក់បែក​គ្មាន​សល់ ស្ថិតនៅ​ចំណុច​ខាង​មុខ​វត្ត​ដំរី​ស ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

​រថយន្តបង្ក​ម៉ា​កវី​ហ្គោ ​(VIGO) ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-5855 បើកបរ​ដោយ​ឈ្មោះ​ជា អរ ភេទ​ប្រុស អាយុ​៣៧ឆ្នាំ មុខ​របរ​លក់ដូរ រស់នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង (របួសស្រាល)​។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា រថយន្ត​ខាងលើ បាន​បើកបុក​រូបសំណាក់​វត្ត​ដំរី​ស ​បណ្ដាល​ឲ្យ​រលំ​បាក់បែក​គ្មាន​សល់ រីឯ​រថយន្ត​ក៏​ក្រឡាប់​ នៅ​ក្បែរ​រូប​ដំរី​ស​ផងដែរ​។ យ៉ាងណាមិញបើទោះបីជា​ករណី​នេះ អ្នកបើករយថន្តបង្ក បាន​អះអាង​ថា គាត់​បាន​បើក​គេច​ម៉ូតូ​ ទើប​ជ្រុល​ទៅ​បុក​សត្វ​ដំរី​ក្ដី តែ​មាន​ប្រភព​ខ្លះ ​បាន​និយាយ​ថា អ្នកបើកបរ​រថយន្ត​បុក​រូបសំណាក​ដំរី​ស​នោះ ​ជា​ទំនង​ស្រវឹង ព្រោះ​វេលា​នោះ​ជា​ពេល​ដែល​សម​ស្រប​បំផុត​ សម្រាប់​អ្នក​ស្រវឹង​បើកបរ​។

ក្រោយកើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ទាំង​យប់​ និង​​បាន​ស្ទូច​យក​រថយន្ត​បង្ក ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​ពេលក្រោយ​តាមផ្លូវច្បាប់៕