ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច នៅសង្កាត់ភ្នំពេញថ្មី ហើយព្យាយាមបើករត់គេចខ្លួនដល់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា បានទៅបុកជាមួយរថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿង ដួលស្ទុះងើបរត់ចូលទៅមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ត្រូវម្ចាស់ម៉ូតូសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបាន។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីឡូត៍មួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហេង សាល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ធឹម គីមស្រួច ភទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុគាត់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ1BA-8387 ទៅមើលដំណាំ ដោយទុកម៉ូតូចោលក្នុងដីឡូត៍ខាងលើ ដោយរវល់មើលបន្លែ។ ស្រាប់តែជនសង្ស័យខាងលើធ្វើសកម្មភាពលួចម៉ូតូ ជិះរត់គេច ក្រឡេកឃើញភ្លាមស្រែកចោរៗ ហើយដេញតាមពីក្រោយមកដល់ផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ជនសង្ស័យបានជិះម៉ូតូទៅបុកជាមួយរថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿង បណ្តាលឲ្យដួល។ ហើយជនសង្ស័យបានព្យាយាមរត់ចូលទៅមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រក៏ត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានតែម្តង រួចនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ៕
មតិយោបល់