ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលនៅព្រឹកថ្ងៃ ២៦ ខែមិនា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានការសហការពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិផ្សារប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។
ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើសរសៃរគុយទាវ ប្រហិតសាច់គោ មឹក និងបង្គា គោលបំណងត្រួតពិនិត្យ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– ទឹកដោះគោរាវ ១៩កំប៉ុង
– ប័រ ០៧កំប៉ុង
– ស៊ុបដុំខ្នរ ០៦ដុំ សរុបចំនួន ១២.៨០ គីឡូក្រាម។
ក្រោយមកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕




មតិយោបល់