ភ្នំពេញៈ រថយន្តប្រាំតោនមួយគ្រឿងបើកព្យាយាមវ៉ាជែងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកកៀររថយន្តម៉ាស័រដា ១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ តាមបណ្តោយផ្លូវ១៨២កែងនិងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ម៉ាស័រដា2 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AO-2016 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ្វូយហ្សូ ពណ៌ស ជាប្រភេទរថយន្តប្រាំតោន ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0469 ដែលបើកបរដោយបុរសម្នាក់ មកពីក្រោយហើយព្យាយាមបើកវ៉ាជែងខាងស្តាំរថយន្តខាងលើដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅកៀររថយន្តខាងលើបណ្តាលឲ្យរងការខូចខាតកំពិតអស់មួយចំហៀងផ្នែកខាងស្តាំ។ ចំណែកឯរថយន្តបង្ករងការខូចខាតបន្តិចបន្តួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញក៏បានចុះមកដល់ចំណុចកើតហេតុហើយក៏មានតំណាងខាងរថយន្តធុនធំបានចូលខ្លួនមកធ្វើការសម្របសម្រួលចរចារដោះស្រាយគ្នាជាមួយនិងភាគីរថយន្តធន់តូច ដោយព្រមចេញសំណងចំនួន២០០០ដុល្លារឲ្យទៅភាគីរថយន្តធុនតូចដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់