ខេត្តប៉ៃលិនៈ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ០១៦ ប្រជាពលរដ្ឋ ក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ បានប្រទះឃើញមីនចំនួន០២គ្រាប់ ដែលកប់នៅក្នុងដី ខណៈពេលដែលពួកគាត់កំពុងជីកដី ដើម្បីយករ៉ែត្បូង បង្កឲ្យមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា តែមិនបង្កឲ្យពលរដ្ឋណារងគ្រោះថ្នាក់នោះទេ ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគ្រាប់មីន នៅលើដីដែលអាជ្ញាធរមីន បានបោសសំអាតរួច ព្រមទាំងប្រគល់ឲ្យពួកគាត់ទៅរស់នៅ តែនៅថ្ងៃនេះពួកគាត់ក៏បានប្រទះឃើញ រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យផងដែរ ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក គង់ ណន អធិការរងស្រុកសាលាក្រៅ បានឲ្យដឹងថា បើតាមលោកដឹងដីនៅចំណុចកើតហេតុខាងលើ ដែលពលរដ្ឋប្រទះឃើញគ្រាប់មីននោះ ជាដីដែលអាជ្ញាធរមីន បានដោះរួចរាល់ ទៅហើយ ព្រមទាំងប្រគល់ឲ្យប្រជាពលរដ្ឋរស់នៅផងដែរ ហើយគ្រាប់មីនដែលពលរដ្ឋប្រទះឃើញជាមីនស្គរ ដែលសល់ពីសម័យសង្គ្រាម ៕
មតិយោបល់