ភ្នំពេញៈ ស្ត្រីរូបស្រស់ម្នាក់ស្រវឹងស្រាជោកបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ មួយគ្រឿង ជ្រុលទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី កំពុងចតប្រមូលសំរាមនៅតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសជាកម្មករម្នាក់រងរបួសធ្ងន់។ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខឃ្លាំងសាំងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿង ពណ៌លឿង លេខរៀង៣៥៣ បើកបរដោយបុរសម្នាក់រួមនិងដំណើរនិងកម្មករ៣នាក់ទៀត មកឈប់ប្រូមូលសំរាមនៅចំណុចកើតហេតុខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-9595 បើកបរដោយស្ត្រីរូបស្រស់ម្នាក់ស្រវឹស្រាជោក ស្របទិសដៅគ្នាមកពីក្រោយបុកចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យ បុរសជាកម្មករម្នាក់ ក្នុងចំណោម៣នាក់កំពុងប្រមូលសំរាមដាក់រថយន្តនៅពីក្រោយ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង បន្ទាប់មកត្រូវបានប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុជួយនាំគ្នាក្រឡាប់ផ្ងារមកវិញសំណាស់ម្ចាស់រថយន្តបង្កមិនមានរងរបួសនោះទេ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តដឹកសំរាមខូចខាតផ្នែកខាងក្រោយ និងវៀចកង់ខាងក្រោយខាងឆ្វេងម្ខាងបើកទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់