ព័ត៌មានជាតិ

Update៖ ផ្អើលអស់មនុស្សម្នា អគ្គិភ័យឆេះបន្ទប់ជួលជាច្រើន នៅខណ្ឌដូនពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង០៩នាទីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៨ មានករណីអគ្គិភ័យឆេះប្រជាពលរដ្ឋ០១ កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ ត្រង់ចំណុចផ្ទះគ្មានលេខ ក្រុមទី០៣ ភូមិ០៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នូ រ៉ាឌី ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរ ម្ចាស់ផ្ទះជួល ហើយផ្ទះដែលត្រូវឆេះនោះ សង់ពីឈើ ដំបូលប្រក់សង្ក័សី ទំហំ ៧×២៤ម៉ែត្រ។

សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះបន្ទប់ជួលទំហំ ៤×៤ម៉ែត្រ អស់ចំនួន១០បន្ទប់ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះផ្សេងឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ករណីនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

សម្រាប់កិច្ចប្រើប្រតិ្តការ អន្តរាគមន៍ជួយពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តចំនួន៣២គ្រឿង ប្រើទឹកអស់ចំនួន៣៦ឡាន ស្មើចំនួន១៤៤ម៉ែត្រគូប ទើបរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង០៧ និង១០នាទីយប់៕

មតិយោបល់