ព័ត៌មានជាតិ

ប្រពន្ធស្តីបន្ទោសជេរកូនសោះ ទាត់ប្រពន្ធ៣ជើង​និងទះ​កំផ្លៀងកណ្តាលមុខ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ!

​បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព វាយដំប្រពន្ធ​រហូតដល់សន្លប់បាត់ស្មារតី ក្រោយមកស្ត្រីរងគ្រោះ​ត្រូវបានអ្នកស្រុក ប្រជាការពារ និងកម្លាំងនគរបាល ចុះអន្តរាគមន៍បញ្ជូនទៅសង្គ្រោះ តែអកុសលស្រ្តីរងគ្រោះ ក៏បានដាច់ខ្យល់​នៅមន្ទីរពេទ្យ​ កាលពីវេលា​ម៉ោង១១និង៥០នាទី​ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិគីឡូ ម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​​ជនសង្ស័យមាន​ឈ្មោះ ចក ឆក ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង មានមុខរបរជាកម្មករ​។ ស្ត្រីរងគ្រោះ​មានឈ្មោះ ឈឿន ហៃ អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង មានមុខរបរ ជាស្រី្តមេផ្ទះ​។ បច្ចុប្បន្ន២នាក់ប្តីប្រពន្ធ រស់នៅក្នុងភូមិឃុំ​កើត​។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ​បានសារភាពថា រូបគេ​បានផឹកស៊ី​តាំងពីព្រឹក លុះស្រវឹង ក៏បានត្រឡប់មកផ្ទះវិញ លឺប្រពន្ធ​ស្តីបន្ទោស​និងបានជេរកូន ហើយ​ខ្លួនគិតថាប្រពន្ធជេរឌឺខ្លួន ក៏បានចូល​ទាត់ប្រពន្ធ ទាំងដេកកំពុងបំបៅដោះកូន ៣ជើងនិង​ទះ១កំផ្លៀងចំកណ្តាលមុខ បណ្តាលឲ្យប្រពន្ធ ដួលសន្លប់ និងបានទៅបិទទ្វារ​មិនឲ្យនរណាចេញចូល ហើយបានកោសខ្យល់ និងធ្វើចលនាឲ្យប្រពន្ធ ដឹងខ្លួនវិញ ដោយមិនឃើញប្រពន្ធ ងើបវិញ ក៏រត់ទៅហៅអ្នកស្រុកមកជួយ និងបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់៕​

មតិយោបល់