កណ្ដាលៈ កាលពីវេលាម៉ោង ៩ និង៣៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា
ត្រង់ចំណុចភូមិដើមពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះគ្រី បារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ហុក លាងហេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានស្ថានភាពស្រវឹង ត្រូវបានឃាត់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីហូបការ នៅភូមិទួលអង្គុញ ឃុំផ្សារដែក ដើម្បីទៅផ្ទះរបស់ខ្លួន នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ខណៈជិះមកដល់ចំណុចភូមិកើតហេតុ ស្រាប់តែជនសង្ស័យ បានស្ទាក់ម៉ូតូជនរងគ្រោះ និងវាយ តែមិនត្រូវ ទើបជនរងគ្រោះជិះម៉ូតូគេចប៊ិះធ្លាក់ចញ្ចើមផ្លូវ ចូលប្រឡាយទឹក។
ក្រោយកើតហេតុជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ចជំនាញស្រុក ដែលកំពុងចុះល្បាតតាមមូលដ្ឋាន នៅពេលនោះ កម្លាំងជំនាញ ក៏បាននាំជនរងគ្រោះ មកបង្ហាញកន្លែងកើតហេតុ ដើម្បីសួរនាំព័ត៌មានបន្ថែម។
ភ្លាមៗផងដែរ ស្រាប់តែជនសង្ស័យ ក៏បានស្ទុះចុះពីលើផ្ទះ បម្រុងមកវាយជនរងគ្រោះម្ដងទៀត ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ ហើយជនសង្ស័យ បានស្រែកជេរមកលើកម្លាំងសមត្ថកិច្ច និងវាយត្រូវសមត្ថកិច្ចម្នាក់ឈ្មោះ ឡុង សុធាលី អាយុ៣៥ឆ្នាំ ឋានៈនាយរងផ្នែកនគរបាលយុត្តិធម៌ ចំសៀតផ្កាខាងស្តាំ បណ្តាលឲ្យដួល ភ្លាមនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់