ឧត្តរមានជ័យៈ សម្ព័ន្ធមេត្រីភាព ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននាំយកសម្ភារៈប្រើប្រាស់សម្រាប់កងទ័ព ប្រគល់ជូនអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ដែលឈរជើងនៅសមរភូមិមុខ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង កំពុងបំពេញភារកិច្ច នៃទិសប្រសាទព្រះវិហារ។
ពិធីនេះ បានធ្វើឡើង នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រោមវត្តមាន លោក ខាយ ឃុនហេង រដ្ឋលេខាធិការ ជាតំណាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែង ការស្វាគមន៍ចំពោះប្រតិភូតំណាងទាំងអស់ដែលបានឆ្លៀតពេលវេលាដ៏មានតំលៃ ទោះបីភ្លៀងជោគជាំក៏ដោយ នៅតែចុះមកសួរសុខទុក្ខដល់ នាយទាហាន ពលទាហាន និងនាំសម្ភារៈសម្រាប់ តម្រូវការរបស់កងទ័ពប្រើប្រាស់ជាចាំបាច់នៅទិសមុខផងដែរ។
លោក បានបន្ដថា បច្ចុប្បន្ននៅតាម បណ្តោបន្ទាត់ព្រំដែនកម្ពុជា-ថៃ មាន សភាពស្ងប់ស្ងាត់ពិតមែន ក៏ ប៉ុន្តែកំលាំង កងទ័ពរបស់យើងពុំ ដែលធ្វេសប្រហែសឡើយ កងទ័ពបានត្រៀមនូវកម្លាំងស្បៀងអាហារ បរិក្ខារ សឹក នៅពេលមានរឿងដោយ យថាហេតុ ណាមួយកើតឡើង ដើម្បីអន្តរាគមន៍ ឲ្យទាន់ពេលវេលាក្នុង ភារកិច្ចការពារទឹកដីឲ្យបានរឹងមាំ។
លោក រដ្ឋលេខាធិការ ខាយ ឃុនហេង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ លោករដ្ឋមន្ត្រីដល់កងទ័ពយើងដែលឈរ ជើងនៅសមរភូមិមុខ និងគ្រួសារកងទ័ព។ មិនតែប៉ុណ្ណោះសម្តេចតេជោ ក៏បានជំរុញដល់គ្រប់ស្ថាប័ននានា នៅសមរភូមិក្រោយឲ្យផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព សមរភូមិមុខ ហើយបានធ្វើឲ្យការទំនាក់ទំនងគ្នាមានភាពស្អិតរមួតរវាងសមរភូមិ ទាំងពីរផងដែរ។
លោក បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀបចំរចនាសម្ព័ន្ធគ្រប់បណ្តាកងអង្គភាពវរសេនាតូច និងស្នាដៃកែច្នៃឲ្យអង្គភាពមានការរីក ចំរើន បានឆាប់រហ័ស ពីមួយឆ្នាំទៅមួយឆ្នាំ និងកោតសរសើរ ចំពោះវីរភាពដ៏ អង់អាច ក្លាហានរបស់នាយទាហាន ពលទាហាន ដែលបានហ៊ានលះបង់ ពាក់លីជីវិត តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេសកម្ពុជាក្នុងកិច្ចការពារជាតិមាតុភូមិ កម្ពុជាឲ្យបានគង់វង្ស ស្ថិតស្ថេរជារៀងរហូត តរៀងមក។
អំណោយជាសម្ភារៈប្រើប្រាស់ សម្រាប់កងទ័ព ដែលអង្គភាពសម្ព័ន្ធមេត្រីភាពបាននាំមក រួមមាន៖ វិទ្យុទាក់ទងKANWOOD អង់តែន អំពូលភ្លើងខ្សែ អង់តែនចំនួន៥គ្រឿង ICOM Motorolla MTS ចំនួន២៥គ្រឿង សូឡាឈុត ( ផ្ទាំងសូឡាអាគុយ ៨០ អំពែ ចំនួន៥ឈុតព្រមទាំងខ្សែភ្លើងអំពូលភ្លើង និងម៉ូតូវេវ មួយគ្រឿងផងដែរ៕









មតិយោបល់