ព័ត៌មានជាតិ

លោក ប្រាក់ សុខុន បានអនុញ្ញាតឲ្យលោកស្រីឯកអគ្គរដ្ឋទូតម៉ិចសិកូ ចូលជួបសម្តែងការគួរសម

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នេះ បានអនុញ្ញាតឲ្យលោកស្រី Sara Valdes Balano ឯកអគ្គរដ្ឋទូតម៉ិចសិកូ ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរស និងពិភាក្សាការងារមួយចំនួន ក្នុងបំណងជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ក្នុងជំនួបសំណេះសំណាលនេះ លោកស្រី Sara Valdes Balano បានគូសរំឭកពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីឆ្នាំ២០១២ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រ ទេស G20 ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅឆ្នាំ២០១៤ ដើម្បីចូលរួមវេទិកាអាស៊ីប៉ាស៊ីហ្វិក។

ក្រៅពីរំឭកនូវដំណើរទស្សនកិច្ចនេះ លោកស្រីក៏បានបង្ហាញនូវគោលបំណងរបស់រដ្ឋាភិបាលម៉ិចសិក ក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជាផងដែរ។ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហការរវាងកម្ពុជា-ម៉ិចសិកនេះ លោកស្រី Sara Valdes Balano បានបញ្ជាក់ថា រដ្ឋាភិបាលម៉ិចសិកូ ចង់បង្កើតស្ថានអគ្គកុងស៊ុលកិត្តិយសមួយប្រចាំនៅរាជធានីភ្នំពេញ ហើយក៏ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកម្ពុជា ស្តីពីការលើកលែងលើទិដ្ឋការលើលិខិតឆ្លងដែនការទូត និងលិខិតឆ្លងផ្លូវការនៃប្រទេសទាំងពីរ។

ឆ្លើយតបសំណើនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបើកចំហរនូវការធ្វើទំនាក់ទំនងគ្រប់ បណ្តាប្រទេសទាំងអស់នៅលើពិភព លោករួមទាំងម៉ិចសិកូផងដែរ។ លោកទេសរដ្ឋមន្រ្តីបានថ្លែងបន្តថា កម្ពុជា នឹងយកសំណើទាំងពីរនេះ ទៅពិចារណាដោយយកចិត្តទុក ដាក់ខ្ពស់បំផុត។

លោកទេសរដ្ឋមន្រ្តីក៏បានបង្ហាញក្តីរំពឹងទុកថា សំណើទាំងពីរនេះ នឹងជួយជំរុញវិស័យទេសចរណ៍ទាំងពីរ ជាពិសេសការជំរុញភ្ញៀវទេសចរម៉ិចសិកូ ចូលកម្សាន្តនៅកម្ពុជា។

ក្នុងជំនួបនាព្រឹកមិញនេះ លោកស្រី ក៏បានជម្រាបជូនពីការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលម៉ិចសិកូ ចំពោះការយល់ព្រមរបស់រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ ក្នុងការចូលរួមកិច្ចប្រជុំលើកទី១៣ របស់អង្គការសហប្រជាជាតិ ស្តីពីជីវៈជម្រុះនៅម៉ិចសិកូ ក្នុងឆ្នាំ២០១៦នេះ៕

មតិយោបល់