ព័ត៌មានជាតិ

រថយន្តតាកូម៉ា ពន្លះម៉ូតូវ៉េវឆ្លាម ស្លាប់មនុស្ស៣នាក់យ៉ាងរន្ធត់

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងលិចស្ពានព្រែក ចម្ងាយ៤០ម៉ែត្រ ភូមិគោកគង់កើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយរថយន្តម៉ាកតាកូម៉ា មួយកឹបកន្លះ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ​2L-5794 បើក
បរដោយឈ្មោះ បឿ ហេន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិគោកគង់ត្បូង ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច បើកចេញពីកើតមកលិច បានបុកម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា ចិត្រ អាយុ២៦ឆ្នាំ រស់នៅភូមិថ្មពូន ឃុំថ្មពូន បើកចេញពីកើតទៅលិច ឌុបគ្នា២នាក់ ទី១ឈ្មោះ សេង វិសាល ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើ និងទី២ឈ្មោះ សេង ធាវី ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិឃុំខាងលើ បណ្តាលឲ្យអ្នកទាំង៣នាក់ ស្លាប់នៅកន្លែងកើតហេតុតែម្តង។​ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រណី។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់