ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បើកម៉ូតូលើសល្បឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាយឲ្យបុកគោយន្តពីក្រោយរងរបួសធ្ងន់ ស្ថិតក្នុងភូមិចាន់សេរី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លើផ្លូវជាតិលេខ៥៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២។
ហេតុកាលនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៦និង២០នាទីល្ងាច។ របាយការណ៍របស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ បុរសរងគ្រោះមាន ឈ្មោះ ខៀវ ម៉ី អាយុ១៨ឆ្នាំ នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
របាយការណ៍របស់សមត្ថកិច្ចនគរបាល បានបន្តទៀតថា៖ អ្នកបើកគោយន្តកន្ត្រៃ១គ្រឿងម៉ាគូបូតា ពណ៌ក្រហម បើកតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ ប៉ាវ ស្រី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរកសិករ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ។
លុះមកដល់ចំណុចកើតហេតុគោយន្តបានឈប់នៅលើចិញ្ចើមផ្លូវ មួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញបុរសរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដា(ទ្រីម)ពណ៌ខ្មៅ ស៊េរី២០១៨ បើកបរបោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ខណៈមកដល់ចំណុចកើតហេតុ ក៏បើកបុកគោយន្តពីក្រោយចូលក្រោមរទេះ បណ្តាលឲ្យបុរសរងគ្រោះឈ្មោះ ខៀវ ម៉ី ខ្ទាតចេញពីម៉ូតូរបស់ខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ ។
បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពោធិ៍សាត់ ចំពោះម៉ូតូនិងគោយន្តសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់