ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ចោរអស់លក្ខណ៍រត់គេចចូលទឹកស្អុយសម្ងំក្នុងកំប្លោក​ ស្មានថារួចពីខ្នោះការពិតខ្នោះដដែល!

ភ្នំពេញៈ ជនសង្ស័យមានគ្នាចំនួន២នាក់ បានមកធ្វើសកម្មភាពឡើងទៅបន្ទប់ជួលរបស់កម្មករ រោងចក្រ ឆ្កឹះសោបន្ទប់បម្រុងចូលលួចរបស់របរ តែត្រូវអ្នកមើលការបន្ទប់ជួលឃើញទាន់ បានដេញចាប់ប្រផាប់ប្រផីង រត់ឆ្លងពីភូមិមួយទៅភូមិមួយ តែគេចខ្លួនបាត់ម្នាក់ និងចាប់បានម្នាក់
ខណៈដែលជនសង្ស័យបានលោតចូលទៅសម្ងំក្នុងកំប្លោកទឹកស្អុយក្បែរការដ្ឋានសំណង់មួយកន្លែង ហើយក៏ត្រូវបងប្អូន ប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចចុះទៅចាប់បានតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល៣ជាន់ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ តែជនសង្ស័យបានរត់ទៅចាប់បាន នៅក្នុងកំប្លោកទឹកស្អុយ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រិទ្ធ សំណាង ភេទប្រុស អាយុ​២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូជិះមកធ្វើសកម្មភាពម៉ាក ស៊ីរ៉ូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​1CA-2727។

បើតាមសម្តីពីអ្នកមើលការបន្ទប់ជួលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមានចំនួន២នាក់ជិះម៉ូតូម៉ាក ស៊ីរ៉ូស ជិះទៅជិះមក តែមិនចាំអារម្មណ៍ គាត់ក៏ដើរមើលបន្ទប់ជាធម្មតា លុះគាត់ដើរមកដល់ជាន់ទី១ក៏ស្រាប់តែឃើញជនសង្ស័យទាំង២នាក់កំពុងឆ្កឹះសោបាន បម្រុងចូលក្នុងបន្ទប់ទៅហើយ តែត្រូវគាត់ជាអ្នកមើលការបន្ទប់ស្រែកចោរៗផ្អើលដល់គេដល់ឯង ដេញចាប់ ទើបជនសង្ស័យរត់ចុះមកក្រោមទាំង២នាក់ចែកផ្លូវគ្នាភ្លេចយកម៉ូតូដែលជិះមកទៅទៀត ។

ប្រភពដដែលបានបន្តថា ខណៈនោះជនសង្ស័យម្នាក់បានគេចបាត់ពីភ្នែក នៅសល់តែជនសង្ស័យ ក៏ប្រឹងតាមចាប់ រហូតជនសង្ស័យលោត ចូលក្នុងកំប្លោកទឹកស្អុយ បាត់មួយសន្ទុះ ទើបមានប្រជាពលរដ្ឋចុះទៅរក ក៏ឃើញកំពុងសម្ងំអើតក ក្នុងកំប្លោក ក៏ក្របួចយកមកប្រគល់ឲ្យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ ដែលកំពុងឡោមព័ន្ធជាមួយកម្មករសំណង់ជាច្រើនអ្នក ដែលចង់ស្វាគមន៍ជនសង្ស័យបណ្តាលឲ្យបែកក្បាលផងដែរ តែទោះជាយ៉ាងណាសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យចេញពីកន្លែងនោះភ្លាម ព្រោះអាចទប់នឹងប្រជាពលរដ្ឋមិនឈ្នះ ។

ក្រោយពីឃាត់បានហើយ ខណៈដឹកជនសង្ស័យ តាមរថយន្តមកកាន់ប៉ុស្តិ៍ដើម្បីសួរនាំ ជនសង្ស័យបានសារភាពនិងប្រាប់ពីកន្លែងកើតហេតុទើបដឹងថា ជាទឹកដីប៉ុស្តិ៍ចោមចៅទី៣ ក៏ដឹកនាំជនសង្ស័យមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលចោមចៅទី៣វិញដើម្បីសួរនាំនិងកសាង សំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌសួរនាំបន្តតាមនិតិវិធី៕

មតិយោបល់