ព័ត៌មានជាតិ

ប្រកាសផ្ទេរភារកិច្ចប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តព្រះសីហនុបានរៀបចំប្រកាសផ្ទេរភារកិច្ចប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។

តាមសេចក្តីប្រកាសលោក តាំង សុចិត្តគ្រឹស្នា ត្រូវបានតែងតាំងជាប្រធានមន្ទីរទេសចរណ៌ ខេត្តព្រះសីហនុ ជំនួសលោក នូ សុផល ត្រូវទទួលតំណែងថ្មីនៅរាជធានីភ្នំពេញ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍កោតសរសើរចំពោះប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ដែលបានសហការរៀបចំឆ្នេរសមុទ្របានល្អ ប្រកបដោយសន្តិសុខ ការយកចិត្តទុកដាក់ពង្រឹងវិសយ័ទេសចរណ៍ ព្រមទាំងគាំទ្រការតែងតាំងផ្លាស់ប្តូរប្រធានមន្ទីរទេសចរណ៍នាពេលនេះ ។ តាមសំណូមពរការងាររបស់រាជរដ្ឋាភិបាលផ្ទេរឲ្យក្រសួងទេសចរណ៍រៀបចំលក់សំបុត្រចូលកម្សាន្តប្រាសាទអង្គរ ខេត្តសៀមរាប ដែលក្រសួងទាមទារកអ្នកមានសមត្ថភាពក្នុងការបំពេញការងារបំរើឲ្យវិស័យទេសចរណ៍នៅកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ព្រោះខេត្តព្រះសីហនុមានសារ:សំខាន់ណាស់លើវិសយ័ទេសចរណ៍។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវពង្រឹងអនុវត្តការងារឲបានម៉ឺងម៉ាត់ ដោយអនុវត្តនូវបទបញ្ជាផ្ទៃក្នុង បែងចែកមុខងារ ភារកិច្ចដើម្បីបំពេញការងារតាមគោលការណ៍ក្រសួង ម្យ៉ាងទៀតមន្ទីរត្រូវធ្វើជាសេនាធិការឲអាជ្ញាធរខេត្ត ក្នុងការចូលរួមគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ដើម្បីធានាតាមលក្ខខណ្ឌការងារ ភារកិច្ច និងរចនាសម្ព័ន្ធ ហើយនៅឆ្នាំនេះក្រសួងបន្ថែមមន្ត្រីជូនមន្ទីរចំនួន ០៥នាក់ទៀត និងបំពេញបន្ថែមនូវមន្ត្រីជាប់កិច្ចសន្យា ដែលសមត្ថភាពតាមតម្រូវការងារជាក់ស្តែងក្នុងមន្ទីរទេសចរណ៍ឲ្យមានការរីកចម្រើនថែមទៀត ធ្វើឲ្យខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ ។

វិស័យទេសចរណ៍មិនអាចធ្វើតែឯងបានទេ ព្រោះវាជាអន្តរវិសយ័ដោយយើងត្រូវទទួលខុសត្រូវសហការពីមន្ទីរ អង្គភាព ស្ថាបន័ពាក់ព័ន្ធនានាក្នុងការពង្រឹងសេវាកម្មទេសចរណ៍។ យើងមានគណ:កម្មការគ្រប់គ្រងឆ្នេរសមុទ្រ ដែលមានក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងក្រសួងបរិស្ថាន សហការគ្នា ហើយការងារនេះមិនអាចកាត់ផ្តាច់ពីវិស័យឯកជនបានទេ។ ដូច្នេះត្រូវពង្រឹងសមត្ថភាពជំនាញផ្នែកភាសា បច្ចេកវិទ្យា ដល់មន្ត្រីរបស់យើង ពិសេសការសហការសាមគ្គីភាពផ្ទៃក្នុងជាកត្តាសំខាន់ សម្រាប់ធ្វើឲ្យវិស័យទេសចរណ៍មានការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ថ្មី បានធ្វើការបេជ្ញាចិត្ត ខិតខំបំពេញការ ងារឲបានល្អ ដោយខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត និងយកចំណេះដឹងទៅបំពេញភារកិច្ចឲ្យកាន់ តែប្រសើឡើង និងប្រែក្លាយខ្លួនជាកម្លាំងចលករដ៏សំខាន់ដែលថ្នាក់ដឹកនាំប្រគល់ឲ្យ៕

មតិយោបល់