កំពង់ធំៈ យោងតាមការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួន តាមបញ្ជារបស់លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង ៧ និង០០នាទី ថ្ងៃសុក្រ ៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ជនសង្ស័យរូបនេះមានឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ៖ ជនសង្ស័យរូបនេះ បានតាំងខ្លួនឯងជានគរបាល ធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក។
ក្នុងនោះវត្ថុតាងរួមមាន៖
១/ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។
២/ក្រដាស់ប្រាក់ដុល្លារអាមេរិក(លុយសែន) ប្រភេទក្រដាស១០០$ ចំនួន៥៨៩សន្លឹក។
៣/ទូរសព្ទដៃចំនួន០២គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បាននឹងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕




មតិយោបល់