មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅវេលាម៉ោង១០និង៣០នាទីយប់ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីម៉ា និងកម្លាំងកងរាជអាវុធហត្ថស្រុកកែវសីម៉ា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលបានបើករថយន្តប្រដេញ និងកៀររថយន្តសាំយ៉ុង បណ្តាលឲ្យជ្រុលចង្កូតចូលទៅបុកផ្ទះ និងបុកមនុស្សស្លាប់០១នាក់ រងរបួស៣នាក់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទី នៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ។
ជនសង្ស័យទាំង៤នាក់ មានឈ្មោះ ៖ ១.យូ រ៉ាវុធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរយោធា, ២.វ៉ាន់ រួន ភេទប្រុស អាយុ៥៤ឆ្នាំ, ៣.ស្រ៊ុន ឈួន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាលព្រៃឈើ និង៤.សៀង ចំរ៉ុង ភេទប្រុស អាយុ៣៥ ឆ្នាំ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ។
ដោយឡែក ជនសង្ស័យជនសង្ស័យចំនួន៣នាក់ទៀត ដែលរត់គេចខ្លួនរួមមាន ៖ ១.សៅ សំណាង ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាអ្នកបើកឡានប្រដេញ និងកៀររថយន្តបណ្តាលឲ្យជ្រុលចូលទៅបុកផ្ទះនិងបុកមនុស្សស្លាប់ កំពុងរត់គេចខ្លួន, ២.សៅ រ៉ានី ភេទប្រុស មុខរបរអ្នកសារព័ត៌មាន កំពុងរត់គេចខ្លួន និង៣.ប៉ុង កានួត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរយោធា កំពុងរត់គេចខ្លួន ។
ចំពោះជនសង្ស័យដែលរត់គេចខ្លួនទាំង០៣នាក់នេះ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់