កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែង កំពុងសាងសង់ ភូមិតារាបដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ស្រី ដា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ មេជាងសំណង់ ទីលំនៅ បច្ចុប្បន្នភូមិសំបួរខាងជើង ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ញ៉ ញឿន (ហៅក្រូច) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិស្ពឺ ក ឃុំ ស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង(ឃាត់ខ្លួន) ។
វត្តុតាងចាប់យក៖ ដែកទីបជ្រុងប្រវែង១,២០ ម៉ែត្រចំនួនមួយ។
នៅមុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង១០.០០នាទីព្រឹក ជនរងគ្រោះ និងជនសង្ស័យបានរៃលុយគ្នាម្នាក់ចំនួនមួយម៉ឺនរៀល យកទៅទិញស្រាបៀរចំនួន១២ កំប៉ុងមកផឹកនៅផ្ទះកំពុងសាងសង់ ពេលផឹកស្រាបៀរចំនួន ១២កំប៉ុងអស់ក៏បែកគ្នា។ ជនរងគ្រោះបានដើរទៅសម្រាកនៅលើគ្រែហើយមើលទូរទស្សន៍ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានយកដែកទីបបួនជ្រុង ២៥គុណ២៥ ប្រវែង១,២០ម៉ែត្រ វាយទៅលើជនរងគ្រោះចំនួន បួនដែកទីប ត្រូវស្មាដៃដងខ្លួនផ្នែកខាងឆ្វេង និងបបូរមាត់ខាងក្រោមបណ្តាលឲ្យឲ្យមានរបួសចេញឈាម។ លុះដល់ម៉ោង៥និង៤០នាទី ល្ងាច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ហើយកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំរួចបញ្ជូនមកអធិដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់