ព័ត៌មានជាតិ

ពីយប់ចាប់ក្រុមចោរឆក់ទូរសព្ទដៃពីម្ចាស់ផ្ទះសំណាក់ ផៃ សុខខុម បាន៤នាក់ ថ្ងៃឡើងបន្តតាមចាប់បក្ខពួកបាន៤នាក់ទៀត!

ភ្នំពេញៈ ក្រុមជនសង្ស័យឆក់ លួច ទូរសព្ទ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍រដ្ឋបាល តាមបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់ យកទូរសព្ទដៃពីម្ចាស់ផ្ទះសំណាក់ ផៃ សុខខុម នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ កាលពីវេលាម៉ោង២អធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយតាមចាប់បានជនសង្ស័យបាន៤នាក់ នៅផ្ទះសំណាក់ឋានសួគ៌ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ នាំទៅសាកសួរ រហូតដល់វេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ កម្លាំងជំនាញស្រាវជ្រាវតាមចាប់បក្ខពួកក្រុមចោរឆក់បាន៤នាក់បន្ថែមទៀត នៅផ្ទះហ្គេម ផ្លូវQMI ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ។

ជនសង្ស័យ៤នាក់ចាប់ខ្លួនបានពីពេលយប់ ទី១ ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល ។ ទី២ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរប៉ះកង់ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ទី៣ ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុល ម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ទី៤ ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

លុះដល់រសៀលថ្ងៃទី៣១ ខែធ្នូ នេះកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍កាកាប១ ប៉ុស្តិ៍ចោមចៅ៣ ស្រាវជ្រាវតាមចាប់ខ្លះនបក្ខពួកបាន៤នាក់ទៀត ទី១ ឈ្មោះ កែវ វណ្ណៈ ហៅ ប៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ។ ទី២ ឈ្មោះ គឹម ណាវុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣។ ទី៣ ឈ្មោះ អាន វិសារ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ។ ទី៤ ឈ្មោះ សំ ម៉ាប់ អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣។

ជនសង្ស័យជាក្រុមឆក់ ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវ សមត្ថកិច្ចបង្ក្រាបចាប់ខ្លួនទាំង២លើក បាន៨នាក់ ត្រូវបាននាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ៕

មតិយោបល់