ភ្នំពេញៈ ស្រ្តីម្នាក់ក្នុងទឹកមុខស្រពោន លាយឡំជាមួយទឹកភ្នែកហូររហាម វត្តមានចូលទៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ រួមជាមួយសម្តីអួលដើម.ក ត្អួញត្អែរ ជុំវិញបញ្ហាសង្គមគ្រួសាររបស់គាត់ គ្មានទេសេចក្តីសុខ ជួបតែទុក្ខឥតស្រាកស្រាន្ត ខណៈដែលលោកប្តី ប្រមឹក ផឹកព្រឹក ស្រវឹងល្ងាចរាល់ថ្ងៃទៅហើយ បានតែស្រវឹងតឹងសម្តី ឆ្កាដៃ ជើងនិងប្រើអំពើហិង្សាក្នុងគ្រួសារ រហូតដល់ទ្រាំលែងបានទៀតហើយ ទើបសម្រេចចិត្ត មកជួបពិគ្រោះជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីចែកផ្លូវគ្នា។
តាមការយំរៀបរាប់ពីស្រ្តីខាងលើ បានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល១២ឆ្នាំមកហើយ មានកូនស្រី២នាក់ កូនច្បងអាយុ៩ឆ្នាំ កូនប្អូនអាយ៤ឆ្នាំ រស់នៅក្នុងបន្ទុក ទើបតែមកដល់ក្នុងអំឡុងរយៈពេល៣ឆ្នាំមកនេះ ខណៈដែល ប្តីសុំទិញម៉ូតូកង់បី ដើម្បីរកនូវរបរថ្មី លុយបានមក មិនដែលឲ្យប្រពន្ធ មានលុយ ដើរចាយ ផឹកស៊ីអស់ៗ ផឹកព្រឹក ស្រវឹងល្ងាច រាល់ថ្ងៃទៅហើយ ចូលផ្ទះពេលណា ចងមុខយក្សដាក់ដាក់ប្រពន្ធ កូន។ ពេលនោះ សួរនាំនិយាយស្តាប់គ្នាមិនបាន រករឿងបង្កបញ្ហា គ្មានទេ សុភមង្គលក្នុងគ្រួសារ វាយដំ ច្រំ ធាក់ រាងកាយសឹងរាល់ថ្ងៃ មកដល់យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីលោកប្តី ស្រវឹង វិលត្រឡប់ចូលដល់ផ្ទះ រករឿងបង្កហិង្សា ចាប់បោកប្រពន្ធផ្ទប់ជញ្ជាំង ធាក់ បោកដូចកូនកង្កែប រងរបួសប៉ោង ពក ក្បាលពីក្រោយ ផ្ទៃមុខ ទើបទ្រាំលែងបាន អំពើហិង្សារាងកាយ ទារុណកម្មផ្លូវចិត្ត នៅព្រឹកថ្ងៃទី០៩ នេះ រត់ទៅប្តឹងអាជ្ញាធរ ឲ្យជួយដោះស្រាយ ។
ជួបជាមួយស្រ្តីខាងលើ បានសម្តែងនូវក្តីទុក្ខសោក ពីជីវិតរស់នៅគ្មានសុភមង្គល ពេលនេះប្រកាន់គោលជំហរមួយ សម្រេចចែកផ្លូវគ្នា ទើបបានសុខខ្លួន ។
អាជ្ញាធរសង្កាត់វិញ បានឲ្យដឹងថា នឹងចេញលិខិតហៅអញ្ជើញ ភាគីខាងប្តី មកសាកសួរ និងសម្របសម្រួលជាមុនសិន ចំពោះជំហរខាងប្រពន្ធ ប្រកាន់ចិត្តមួយថាត្រូវតែលែងលះគ្នាយ៉ាងណានោះ អាជ្ញាធរសង្កាត់ មិនហ៊ានសម្រេចទេ មានតែផ្លូវតុលាការទេ ជាអ្នកសម្រេច ៕
មតិយោបល់