ព័ត៌មានជាតិ

ហុីយ៉ាន់ដាយដឹកដីបើកលឿនបុកឡិចសុីស ក្រឡាប់ផ្ងារជើង រងការខូចខាតទាំង២គ្រឿង សំណាងល្អមិនមានមនុស្សរងរបួស

ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលនឹកស្មានមិនដល់ថា គ្មានអ្នករងរបួសសោះ បានកើតឡើង បន្ទាប់ពី បុរសម្នាក់បានបើករថយន្តហុីយ៉ាន់ដាយដឹកដីធុនធំមួយគ្រឿងក្នុងល្បឿនលឿន វ៉ានឹងរថយន្តមួយគ្រឿងនៅពីមុខខ្លួនជ្រុលចូលទៅចំណីផ្លូវម្ខាងទៀត បុកផ្ទប់រថយន្តឡិចសុីស RX330 ដែលជិះស្របត្រូវផ្លូវ ពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តឡិចសុីស ផ្លោងខ្ទាតជាង ៥០ម៉ែត្រ រងការខូចខាត ចំណែករថយន្តបង្កជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ញារជើងច្រងា៉ងតែម្តង ។ 
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវថៃហ្គរ ក្បែរទីតាំងស្ថាននីយ៍ទូរទស្សន៍ហង្សមាស ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ 
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-2550 បើកបរដោយបុរសម្នាក់តាមបណ្តោយថៃហ្គរ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចក្បែរស្ថាននីយ៍ទូរទស្សន៍ហង្សមាស ដែលជាចំណុចផ្លូវកោងផងនោះ រថយន្តបង្កបានវ៉ារថយន្តដឹកស៊ីម៉ង់ធុនធំមួយគ្រឿងផ្សេងទៀត ដែលនៅពីមុខខ្លួន ក្នុងល្បឿនយ៉ាងលឿនដដែល ដើម្បីឲ្យផុតរថយន្តនោះ ដោយរថយន្តបង្កបើកឡយចូលទៅផ្លូវម្ខាងទៀត ប៉ុន្តែខណះពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH – 5160 ធ្វើដំណើរដោយមនុស្សប្រុសស្រី៥នាក់ក្នុងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តបង្ក ដោយបើកត្រូវខាងផ្លូវរបស់គេ ក៏ត្រូវរថយន្តបង្កបើកបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ិសខ្ទាតជាង ៥០ម៉ែត្រ ផ្លោងចូលទៅក្នុងព្រៃរងការខូចខាត ប៉ុន្តែមនុស្សក្នុងរថយន្តពុំត្រូវរងរបួសឡើយ ចំណែករថយន្តបង្កបានព្យាយាមបត់ចង្កូតគេចពីរថយន្តឡិចស៊ិស ក៏ត្រូវធ្លាក់ទៅម្ខាងផ្លូវក្រឡាប់ផ្ញារជើងម្ខាងឡើងលើ ចាក់ខ្សាច់ក្រពប់ពាសពេញដីតែម្តងទៅ ។ ភ្លាមៗនោះម្ចាស់រថយន្តបង្ក បានបើកទ្វារចេញមកក្រៅ រត់គេចខ្លួនបាត់ស្រមោល ដោយឡែកអ្នកដំណើរក្នុងរថយន្តឡិចស៊ិសប្រុសស្រីទាំង៥នាក់ ក៏បានបើកទ្វារចេញពីរថយន្ត ទំនាក់ទំនងទៅកាន់បងប្អូនឲ្យយករថយន្តមួយផ្សេងទៀត មកទទួលយកចេញទៅបាត់ស្រមោល ស្របគ្នាផងដែរ ។. 
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍វាស់វែង អូសយករថយន្តទាំង២គ្រេឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ 
សូមបញ្ជាក់ថា នៅក្នុងករណីខាងលើនេះ គឺ បង្កឡើងដោយសារការបើកបរគ្មានការទទួលខុសត្រូវ និងធ្វេសប្រហែលរបស់តៃកុងរថយន្តបង្ក ដែលបើកបរក្នុងល្បឿនខ្វះការប្រុងប្រយ័ត្នខ្ពស់ក្នុងទីប្រជុំជន ពិសេសលើដងផ្លូវដែលជាចំណុចផ្លូវកោង ទើបបណ្តាលឲ្យមានរឿងហេតុបែបនេះលើតឡើងតែម្តងទៅ នេះសំណាងហើយ ដែលពេលគ្រោះថ្នាក់ខាងលើនេះកើតឡើង ពុំមានអ្នកដំណើរដែលប្រើមធ្យោបាយជា ទោចក្រយានយន្ត ឬអ្នកដំណើរដែលថ្មើរជើង ឆ្លងកាត់ទីនោះ បើពុំដូច្នោះទេ មិនដឹងថា គ្រោះថ្នាក់មួយនេះឆក់យកជីវិតមនុស្សប៉ុន្មាននាក់ឡើយ ៕







មតិយោបល់