ព័ត៌មានជាតិ

ស្រវឹងមិនគ្រប់ សុំលុយផឹកបន្ថែម តែប្រពន្ធមិនព្រម វាយស្ទើរក្ស័យ

កណ្ដាលៈ ​​ប្រពន្ធ​ទ្រាំ​នឹង​ប្ដី​វាយ​ធ្វើ​បាប​លែង​បាន ​សម្រេច​ចិត្តប្ដឹង​សមត្ថកិច្ច​ ​ឲ្យ​ចាប់ខ្លួន​យក​ទៅ​ដាក់គុក​ ដោយ​សារ​តែ​ពូកែ​រករឿង​ឈ្លោះ​ប្រកែក ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ញឹកញាប់​ពេក។

ករណីនេះ ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃទី​០៥ ​ខែកក្កដា​ ឆ្នាំ ២០១៦ ​នៅ​ចំណុច​ភូមិដុល ឃុំសន្លុង ស្រុក​ខ្សាច់កណ្ដាល ​ខេត្តកណ្ដាល។

​នគរបាល​ស្រុក​មុខកំពូល​ បាន​ឲ្យ​ដឹង​ថា​ ​ជនល្មើស​​ជាប្ដី​ត្រូវ​ឃាត់ខ្លួន​​ ឈ្មោះ គង់ គា ហៅ ឡាក់ ភេទប្រុស អាយុ៤៤ឆ្នាំ​(​ប្តី​) ​ជនជាតិខ្មែរ មុខកសិករ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ។​ ចំណែក​ ជនរងគ្រោះ​ឈ្មោះ លឹ​ង លី ភេទ​ស្រី អាយុ​៤៩ ឆ្នាំ​(ប្រពន្ធ​) ​ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅភូមិឃុំ​កើតហេតុ មាន​របួសស្នាម មុត​នៅ​បាតដៃ​ឆ្វេង០១កន្លែង និងហើម​ជាំ​ភ្លៅ​ឆ្វេង។ ​វត្ថុ​តាង​ចាប់​យក​បាន​រួមមាន៖​ ១.​ដំបង​ឫស្សី​ មួយ​កំណាត់​ប្រវែង​១,២៥ ម៉ែត្រ​ ២.​ដំបង​ឈើ​មួយ​កំណាត់​ប្រវែង​០,៥៥ ម៉ែត្រ​។

នគរបាល ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ កន្លងមក​ជនល្មើស​ឧស្សាហ៍​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដោយ​វាយ​ដំ​លើ​ជនរងគ្រោះ​ជា​ញឹកញាប់ ​ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការអប់រំ​ណែនាំឲ្យ​ជន​ល្មើស​ធ្វើ​កិច្ចសន្យាម្តង​រួច​មកហើយ ​តែ​នៅតែ​មិន​កែខ្លួន​។​

ជាក់ស្តែង ​កាលពី​វេលា​ម៉ោង​១១​និង​​៣០នាទី នៅ​ថ្ងៃទី​០៥ ​ខែកក្កដា​ ឆ្នាំ​២០១៦​ ជនល្មើស ឈ្មោះ គង់ គា ផឹកស្រា​ស្រវឹង​ ហើយ​បាន​មក​សុំ​លុយ​ពី​ប្រពន្ធ​ឈ្មោះ លឹ​ង លី ​យកទៅ​ផឹកស្រា​បន្តទៀត តែ​ប្រពន្ធ​មិន​ឲ្យ ​ភ្លាមនោះ​ឈ្មោះ គង់ គា​ ស្ទុះ​ទៅ​យក​ដំបង​ឈើ​មួយ​កំណាត់​វាយ​លើ​ឈ្មោះ លឹ​ង លី ឃើញ​ដូច្នេះ​ឈ្មោះ​ លឹ​ង លី ​បាន​ចាប់​ដំបង​នេះ បណ្តាល​ឲ្យ​មុត​រយះ​បាតដៃ​ឆ្វេង ​មួយកន្លែង​ របួស​ចេញឈាម​បន្ទាប់មក​ ឈ្មោះ គង់ គា​ បាន​ទៅ​យក​ដំបង​ឫស្សី​មួយ​កំណាត់​ទៀត វាយ​លើ​ឈ្មោះ លឹ​ង លី ត្រូវ​ចំ​ភ្លៅ​ឆ្វេង​ បណ្តាល​ឲ្យ​របួស​ហើម​ជាំ ​ក្រោយមក​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សន្លុង។ ក្រោយ​មក កម្លាំង​សមត្ថកិច្ចចុះ​អន្តរាគមន៍​ឃាត់ខ្លួន ឈ្មោះ​គង់ គា​ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​ ដើម្បី​អនុវត្ត តាម​នីតិវិធី៕

មតិយោបល់