ព័ត៌មានជាតិ

បង្ហាញមុខជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន

ស្ទឹងត្រែងៈ នៅរសៀលម៉ោង២និង៣០នាទីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៥នាក់ ដែលត្រូវបានកងរាជអាវុធខេត្តឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយថ្នាំញៀនកាលពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០១៦។

អាវុធហត្ថបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងអស់ គឺអាវុធហត្ថបានប្រើវិធានញុះញង់ឲ្យមានការលក់ និងមានការទិញព្រមទាំងមានការឃ្លាំមើលពីសមត្ថកិច្ច និងដោយមានការសម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបអាចឃាត់ខ្លួន ខណៈពេលជនសង្ស័យធ្វើសកម្មភាពតែម្តង។

អាវុធហត្ថបញ្ជាក់បន្ថែមថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដែលជំហ៊ានដំបូងអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានចំនួន២នាក់ ត្រង់ចំណុចផ្លូវបំបែកចូលផ្ទះសំណាក់យីហោ (សុផល) ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បន្ទាប់មកដោយយោងតាមការសាកសួរចម្លើយជនសង្ស័យទាំង២នាក់នោះរួចមកជនសង្ស័យក៏បាននិយាយថា ពួកគេមានបក្ខពួក៣នាក់ទៀត។

ក្រោយពីធ្វើការសាកសួររួចមកអាវុធហត្ថក៏បានរៀបចំកម្លាំងតាមរក នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ទៀតនៅចំណុចជិតសណ្ឋាគារសេកុងស្តារ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អាវុធហត្ថបន្តថា ជនសង្ស័យឃាត់ខ្លួនបានសរុបទាំងអស់មានចំនួន៥នាក់ក្នុងនោះមានឈ្មោះទី១.ឈ្មោះ ខុម សាមាន ហៅ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បិកម្ម រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ទី២.ឈ្មោះ ហៀង សុខមាន ហៅ វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅគីឡូ៣ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ទី៣.ឈ្មោះ នូច ណុក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុក្ខលិក ហត្ថាកសិករ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទី៤.ឈ្មោះ ផន ពេជ្រភារុណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក រស់នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទី៥.ឈ្មោះ ហម ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស រស់នៅគីឡូ២ ភូមិរាជានុកូល ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន ពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៩កញ្ចប់តូចព្រមទាំងម៉ូតូពីរគ្រឿងម៉ាកស៊ុយសុគីស្មាសរីវ៉ូ ពណ៌ក្រហមមួយគ្រឿង និង ម៉ាកហុងដាវេវ អាលហ្វា ទឹកប្រាក់ មួយគ្រឿង ទូរស័ព្ទដៃ៦គ្រឿង លុយខ្មែរ៤០ម៉ឺនរៀលផងដែរ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានអាវុធហត្ថនាំខ្លួនយកសាកសួរបន្ថែមនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការចាត់បន្ត៕

https://youtu.be/1DCK5zeC5lg

https://youtu.be/kIpiuyNgGko

https://youtu.be/yUSYNxATx2o

មតិយោបល់