ភ្នំពេញៈ ស្ត្រីអនាថាម្នាក់ដែលមានសតិមិនគ្រប់ បានពរក្មេងប្រុសម្នាក់អាយុប្រហែលមួយឆ្នាំ ដែលត្រូវជាកូន ដើររេរានៅកណ្តាលផ្លូវបណ្តាលឲ្យយានយន្តដែលធ្វើដំណើរតាមដងផ្លូវ បើកគេចសឹងមិនទាន់ ហើយក៏ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំគ្នាជួយចាប់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ត្រង់ចំណុចក្បែរគល់ស្ពានអាកាស៧មករាផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ បានពរកូនប្រុសម្នាក់ នៅនិងចង្កេះ ដើរកណ្តាលដងផ្លូវ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ដោយមិនខ្វល់ពីយានយន្ត ដែលបើកមកពីក្រោយនោះទេ បណ្តាលឲ្យអ្នកធ្វើដំណើរមកពីក្រោយ នាំគ្នាបើកគេច និងខ្លះទៀតគេចសឹងតែមិនទាន់ផង។
លុះមកដល់ចំណុចកើតហេតុ ក៏មានប្រជាពលរដ្ឋដែលនៅក្បែរនោះ បានទៅសួរនាំស្ត្រីខាងលើដេញស្ត្រីខាងលើឲ្យទៅដើរនៅលើចិញ្ចើមផ្លូវ ព្រោះខ្លាចមានម៉ូតូ ឬរថយន្ត បើកមកបុកបង្កជាគ្រោះថ្នាក់។ ប៉ុន្តែស្ត្រីខាងលើ ហាក់ដូចជាមានសតិមិនគ្រប់ ដោយនិយាយស្តីររើរវាយ ស្តាប់គ្នាមិនបាន និងមិនព្រមទៅដើរលើចិញ្ចើមផ្លូវនោះទេ ថែមទាំងគំរាមបោកកូនរបស់នាងសម្លាប់ចោល ប្រសិនបើនាំគ្នាចាប់នាង។
ទោះបីជាប្រជាពលរដ្ឋខំប្រឹងនិយាយលួងលោម យ៉ាងណាក៏នាងមិនព្រមដែរ បន្ទាប់មកដោយខ្លាចមានគ្រោះថ្នាក់ ដល់ក្មេងប្រុសខាងលើ ប្រជាពលរដ្ឋក៏សម្រេចចិត្តនាំគ្នា ចាប់ស្ត្រីខាងលើ យកទៅចិញ្ចើមផ្លូវ ហើយក៏បាន រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ឲ្យចុះមកទទួលយកស្ត្រីខាងលើ រួមទាំងកូនប្រុស ទៅធ្វើការព្យាបាលនិងថែទាំ៕








មតិយោបល់