ព័ត៌មានជាតិ

រថយន្តកូរ៉េ បើកបុករថយន្តពីរគ្រឿង​រងការ​ខូចខាត រួចព្យាយាម​បើក​រត់

ភ្នំពេញៈ​ បុរស​ម្នាក់ បាន​បើករថយន្ត​កូរ៉េ​ដឹកទំនិញ​មួយ​គ្រឿង ​ក្នុង​ល្បឿន​យ៉ាង​លឿន​ មិន​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​គូទ​រថយន្តលុចស៊ីស​មួយ​គ្រឿង ​ដែលកំពុងឈប់ឲ្យរថយន្ត​ព្រូសមួយគ្រឿងទៀត​ បើកឆ្លង​កាត់​ នៅត្រង់​ចំណុច​ខាងកើតស្តុប​២៤ម៉ោង​ តាម​បណ្ដោយ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ កែងនិងផ្លូវ​១០១៥​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក ​បានព្យាយាម​បើករត់គេច​ខ្លួន​ទៅឈប់​នៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ីអន​២​ តាមបណ្ដោយ​ផ្លូវ​១០០៣​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​​ខណ្ឌសែនសុខ​។ ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៩​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​គេឃើញ​បុរស​ម្នាក់ បានបើកបរ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ ម៉ាកហីយិនដាយ​ ប្រភេទប្រាំតោន​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​3D-0214 ធ្វើដំណើរពី​លិចទៅកើ​ត តាម​បណ្តោយផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះមកដល់​ចំណុច​កើត​ហេតុ​ មិនប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ លុចស៊ីស ​LX470​ ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2L-9192 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ កំពុង​ឈប់​​ឲ្យ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ តូយូតាព្រូស​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AR-3019 បើកបរ​ដោយ​បុរស​ម្នាក់​ ក្នុង​ទិសដៅ​បញ្រ្ចាស​ទិស​គ្នា​ បត់ឆ្វេងឆ្លងផ្លូវ​ បណ្ដាលឲ្យ​រថយន្ត​លុចស៊ីស​ខ្ទៀត​ទៅ​បុក​និងរថយន្ត​ព្រូស​ ដែលបើកឆ្លងផ្លូវនៅខាងមុន​ពេញទំហឹង​ បង្ក​ឲ្យ​រថយន្ត​ព្រូស​រងការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​ ចំណែកឯ​រថយន្តលុចស៊ីស បានរងការខូចខាត​ក្រពឹតផ្នែកខាងមុខ​និងខាង​ក្រោយ​យ៉ាង​ដំណំ។

ភ្លាមៗនោះរថយន្ត​​បង្ក ​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ ដោយបើករថយន្តទៅឈប់​ នៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ីអន​២​ រួចអ្នក​បើកបរ​ ក៏​បានចុះ​ពីលើរថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​សន្សល់​ទុក​តែ​រថយន្ត​បង្ក ​ដែល​រងការខូចខាត​ក្រពឹតផ្នែកខាងមុខ​ នៅត្រង់​ចំណុច​ខាងលើ​។ ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ គឺ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះទេ​ គឺគ្រាន់តែ​ ខូចខាត​សម្ភារៈ​តែប៉ុណ្ណោះ​៕

ក្រោយ​ពេល​កើត​សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​រួចក៏បាន​ធ្វើ​ការ​វាស់វែង​ និង​យក​រថយន្ត​ទាំង​បីគ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

មតិយោបល់