ព័ត៌មានជាតិ

ទំនិញខូចគុណភាព១៨គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តពោធិ៍សាត់ រកឃើញ នៅផ្សារបឹងខ្នារ ក្នុងស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បន្តចុះត្រួតពិនិត្យទំនិញ ជាពិសេសគ្រឿងឧបភោគ បរិភោគ នៅតាមទីផ្សារ និងផ្ទះលក់ទំនិញ នៅផ្សារបឹងខ្នារ តាមបណ្តាផ្លូវជាតិលេខ៥ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផល។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

  • ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
  • ភេសជ្ជៈកំប៉ុង ២៤កំប៉ុង ស្មើ ៨គីឡូក្រាម
  • ភេសជ្ជៈដប ២៤ ដប ស្មើ ១០គីឡូក្រាម
    សរុបទំនិញដកហូតបានចំនួន ១៨ គីឡូក្រាម។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់