ព័ត៌មានជាតិ

ឡង់គ្រីស័រស៊េរីថ្មី ស្លាកលេខ ភ្នំពេញ 2AX-6616 បុកម៉ូតូមួយគ្រឿង ហោះឡើងសួន បុកជាប់បង្គោលភ្លើងរបួស២នាក់

ភ្នំពេញៈ រថយន្តឡង់គ្រីស័រមួយគ្រឿង បើកបោះពួយឆ្លងស្តុប ទៅបុកម៉ូតូសេ១២៥ បើកឆ្លងកាត់ភ្លើងស្តុបដែរ បណ្តាលឲ្យហោះឡើងសួន ទៅបុកជាប់បង្គោលភ្លើងបំភ្លឺផ្លូវខូចខ្ទេច និងរបួសមនុស្ស២នាក់ (ធ្ងន់ម្នាក់) កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ខាងលិចជាប់ស្តុប កែងផ្លូវវត្តអង្គតាម៉ិញ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-6616 បើកបរដោយក្មេងស្រីជំទង់ រួមដំណើរជាមួយម្តាយ ។ ចំណែកម៉ូតូរងគ្រោះ ម៉ាក ហុងដា សេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ប៊ិច ជិះគ្នា២នាក់ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូបើកពីត្បូងទៅជើង ចំណែករថយន្តឈប់ភ្លើងស្តុប លុះដល់ភ្លើងខៀវលោតភ្លែត ក៏បើកចេញដំណើរស្ទុះទៅវិង ជ្រុលបុកម៉ូតូដួល ហើយហោះឡើងសួន បុកបង្គោលភ្លើង ទៅមុខលែងរួច ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីរងចាំការដោះស្រាយនៅពេលជាក្រោយ៕

មតិយោបល់