កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង អស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងកម្លាំងមានសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣៩នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ មានទំហំ ៥គុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តា ដោយមានម្ចាស់ឈ្មោះ ចាន់ ជួន ភេទប្រុស អាយុ៧៧ឆ្នាំ ។
ក្នុងនោះដែរ ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់ដល់កន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុ ដែលបណ្តាលឲ្យមានការឆាបឆេះនេះ គឺបណ្តាលមកពីការដុតទានទុកចោល និងបានបណ្តាលឲ្យឆេះ សម្ភារៈប្រើប្រាស់ ក្នុងផ្ទះ រួមមានម៉ូតូ១គ្រឿង ម៉ាកវ៉េវ ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម ,លុយខ្មែរ២លានរៀល ,លុយដុល្លារ១៨០ដុល្លារ និងមាសចំនួន២ជី ផងដែរ ប៉ុន្តែមិនបណ្តាលឲ្យមានការឆាបឆេះដល់ផ្ទះពលរដ្ឋផ្សេងទៀត ឬប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់នោះឡើយ ៕






មតិយោបល់