(កំពង់ចាម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៧ មិនា ២០១៦ នៅលើផ្លូវជាតិលេខ៧១ ចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលបង្កឡើងដោយរថយន្ត១គ្រឿងបានបើកទៅបុក ម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់ ឈ្មោះឃុត ខុម ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិតាអុង ឃុំតាអុង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្ដឈ្មោះ ឈ ណាក់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកបាសាទបល្ល័ង្គ ខេត្តកំពង់ធំ បើកបររថយន្តម៉ាក ហ៊ីណូ ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ៣A ៩១១៨ ភ្នំពេញ បានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ។យោងតាមការស្រាវជ្រាវរបស់នគរបាលនៃអធិការដ្ឋានស្រុកចំការលើ បានឲ្យដឹងថា រថយន្តបានបើកបុកអ្នកជិះម៉ូតូខណៈពេលគាត់បត់ឆ្លងផ្លូវដោយធ្វេសប្រហែសទើបបានជាត្រូវរថយន្តម៉ាក ហ៊ីណូ បុកតែម្តង (ជនល្មើសមានបានប័ណ្ណបើកបរ និងឯកសារគ្រប់គ្រាន់ )។
សមត្ថកិច្ចកំពុងកសាងសំណុំរឿងហើយបញ្ជូនជនល្មើសទៅតុលាការដោះស្រាយតាមនីតិវិធី។
មាត្រា៨៥ នៃច្បាប់ចរាចរផ្លូវគោកថ្មី បានចែងថា៖ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញាត្តិស្តីពីច្បាប់ចរាចរផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។ អំពើល្មើសដូចគ្នា ប៉ុន្តែត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន ទៅ ២៥លានរៀល ក្នុងករណីដូចខាងក្រោម៖ ១. បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។ ២. ស្ថិតក្នុងភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុង១លីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុង១លីត្រឈាម។ ៣. បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។ ៤.រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ ៕
មតិយោបល់