ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ប្តីប្រពន្ធ ជាមុខសញ្ញាសង្ស័យក្នុងអំពើឆក់ក្នុងរាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៩Eo ស្ថិតក្នុងបន្ទប់លេខ១ ជាន់ទី១ ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការស្រាវជ្រាវរហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាឆក់ទាំង ២នាក់ប្តីប្រពន្ធនេះ កម្លាំងនគរបាលជំនាញបានធ្វើការដកហូតនូវសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមជាមួយនឹងថង់ច្រកសម្រាប់គ្រឿងញៀនមួយចំនួនផងដែរ។
លោកអធិការបន្តថា ជនសង្ស័យជាប្តីឈ្មោះ សុខ ភារុន អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម និងប្រពន្ធឈ្មោះ ស៊ិន ស្រីម៉ី ហៅយ៉ា អាយុ ២២ឆ្នាំ មុខរបរ ធ្វើការនៅហាងបាបារាំង មានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលខណ្ឌដូនពេញ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
មតិយោបល់