ព័ត៌មានជាតិ

នគរបាលខណ្ឌដូនពេញបង្ក្រាបជនសង្ស័យមុខសញ្ញាឆក់យ៉ាងសកម្ម មានទាំងស្រីស្អាត និងសេពគ្រឿងញៀនបាន១៣នាក់

ភ្នំពេញៈ នគរបាលខណ្ឌដូនពេញបើកការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាឆក់សកម្ម៨នាក់ និងប្រើប្រាស់គ្រឿងញៀន៥នាក់ កាលពីយប់ថ្ងៃទី១៧​ ខែមករា ឆ្នាំ២០១៩​ វេលាម៉ោង៨និង១០នាទីយប់ បន្ទាប់ពីមានករណីឆក់ទូរសព្ទនិងកាបូបជនបរទេស​ នៅចំណុចផ្លូវ ៥១កែងផ្លូវ១៥៤ សង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ។

សមត្ថកិច្ចឲ្យដឹងថា​ ករណីឆក់ខាងលើនេះ ក្រោយពីសភាពការណ៍កើតឡើងភ្លាមៗ នគរបាលខណ្ឌបានធ្វើការបង្ក្រាបជាក់ស្តែងបានម្នាក់ដោយជាន់យកចម្លើយនឹងបន្តស្រាវជ្រាវឈានដល់ក្រសោបបានជាក្រុមថែម១០នាក់ទៀត ដែលសុទ្ធសឹងជាមុខសញ្ញាឆក់អាជីពយ៉ាងសកម្មនិងក្រុមប្រើប្រាស់គ្រឿងញៀន ដោយបន្តរហូតដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យអធិការដ្ឋានជម្រុញការស្រាវជ្រាវដើម្បីបន្តយកបក្ខពួកដែលបានធ្វើសកម្មភាពក្នុងយប់ជាមួយគ្នា ។ ជាក់ស្តែងក្រោយពីប្រើប្រាស់នូវបច្ចេកវិទ្យាស្រាវជ្រាវ សមត្ថកិច្ចយើងកំណត់បានភិនភាគមុខសញ្ញា ឈានដល់ស្វែងរកឃើញជំរកលាក់ខ្លួន ក៏បានដាក់កម្លាំងចាំច្បាមចាប់ពីថ្ងៃកើតហេតុ រហូតមកដល់ថ្ងៃទី ៩វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ នៅពេលដែលមុខសញ្ញាបង្ហាញមុខ កម្លាំងក៏ធ្វើការបង្ក្រាបនិងឃាត់ខ្លួននៅចំណុចបន្ទប់ជួល ផ្លូវលេខ៩០ ភូមិ១០ សង្កាត់វត្តភ្នំ ដែលក្នុងនោះមានចំនួន២នាក់ ទី១ឈ្មោះ សុខ ភារុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ ស៊ិន ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។

សមត្ថកិច្ចបន្តថាជាលទ្ធផលសរុបក្នុងកិច្ចប្រតិបត្តិការបង្ក្រាបមានចំនួន១៣នាក់ ក្នុងនោះមុខសញ្ញាឆក់សកម្មចំនួន ៨នាក់ និងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន ៥នាក់ ។

ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមច្បាប់ ៕

មតិយោបល់