ព័ត៌មានជាតិ

តាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ បត់ឆ្លងផ្លូវត្រូវម៉ូតូនិចបុកយ៉ាងពេញទំហឹងរបួសបែកមុខ!

ភ្នំពេញៈ រថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុនតាក់ស៊ីខ្មែរមួយគ្រឿង បម្រុងនឹងបត់ឆ្លងផ្លូវត្រឡប់ក្រោយវិញ ស្រាប់តែបត់ផុតក្បាលរថយន្តបានបន្តិចក៏មានម៉ូតូម៉ាកនិចមួយគ្រឿងបើកមកបុកចំទ្វាខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តព្រុស ពណ៌ត្រួយចេក មួយគ្រឿង ជារថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ លេខរៀងទី១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6513 បើកបរដោយបុរសម្នាក់បម្រុងនឹងបត់ត្រឡប់ក្រោយ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-1142 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រឿងៗ ជិះក្នុងល្បឿនលឿនក៏មកបុកទ្វាខាងក្រោយខាងឆ្វេង នៃរថយន្តបណ្តាលឲ្យរងការខូចខាត រីឯម្ចាស់ម៉ូតូរងរបួសបែកមុខមាត់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុឲ្យដោះស្រាយគ្នាមួយសន្ទុះ មិនត្រូវគ្នា ក៏ទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់