ភ្នំពេញៈ មិត្តស៊ីមិត្ត ខ្ចីម៉ូតូជិះមួយភ្លែត បែរជាយកម៉ូតូមិត្តភក្តិទៅលក់បាត់ បានលុយគេចខ្លួនទៅធ្វើការកន្លែងផ្សេង ហេតុតែកម្មពារ ទ្វារគុកចំហររង់ចាំ ម្ចាស់ប្រទះឃើញចាប់នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច កាលពីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅមុខវត្តស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចនាំមកប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យវិញ ។
ជនសង្ស័យឈ្មោះ គី កុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះជាដើមបណ្តឹង ឈ្មោះ មែន សិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកម៉ូតូដែលជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GI-5479 ។
តាមដើមបណ្តឹង បានឲ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅកន្លែងធ្វើការក្នុងបុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ជនសង្ស័យជាមិត្តស្គាល់គ្នា រួមការងារ បានខ្ចីម៉ូតូ ដោយប្រាប់ថាជិះយកទៅទៅចូលបុណ្យគេមួយភ្លែត តែផ្ទុយទៅវិញបាត់ខ្លួន បាត់ទាំងម៉ូតូរហូត អស់បាត់ទំនុកចិត្តរត់ទៅប្តឹងប៉ូលិស លុះមកដល់រសៀលថ្ងៃទី២១ ខែមករានេះ អស់រយៈពេល៨ថ្ងៃមកហើយ ស្រាប់តែប្រទះឃើញជនសង្ស័យ ជាមិត្តនៅកំពុងធ្វើការសំណង់ក្នុងបរិវេណវត្តស្ទឹងមានជ័យ ចូលទៅចាប់ឃាត់នាំខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១ មានចំណាត់ការលើជនឆបោករូបនេះ ។
តាមសម្តីជនសង្ស័យបានឲ្យដឹងថា ក្រោយពីបានម៉ូតូ របស់ជនរងគ្រោះជិះហើយ ជាឱកាស ជិះយកទៅលក់នៅម្តុំខាងលិចផ្សារអូរឫស្សីបានលុយចំនួន៩០០ដុល្លារ ពីព្រោះទីនោះស្រួលលក់ណាស់ម៉ូតូ មានឯកសារ អត់ឯកសារ ទិញទាំងអស់ បានថ្លៃឬថោកមិនដឹង ហើយខ្លួនក្រោយលក់បានលុយគេចខ្លួនមករកការងារធ្វើកន្លែងថ្មី រហូតដល់ម្ចាស់ឃាត់ខ្លួនបានតែម្តង ។
ជនសង្ស័យក្រោយចាប់ខ្លួនបាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងយោងតាមបណ្តឹងភាគីរងគ្រោះ រួចបញ្ជូនខ្លួនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់