ព័ត៌មានជាតិ

សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលក្រុងភ្នំពេញ បង្ក្រាបបានចោរឆក់ចំនួន២នាក់ ពាក់ព័ន្ធ២ករណីនៅទីតាំងផ្សេងគ្នា

ភ្នំពេញ: លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់Post Newsថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ៥និង២៥នាទីល្ងាច កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានបានចំនួន២នាក់ នៅចំណុចផ្ទះលេខ ៤៣៧ ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ចំនួន២ ករណី ចាប់យកម៉ូតូចំនួន០២គ្រឿង និងភស្តុតាងទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន១ គ្រឿង បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ក្នុងនោះករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ទឹកប៊ិច) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី ៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨យប់។ ជនរងគ្រោះឈ្មោះ សុខ ឡេង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី ៩ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ សម្ភារ:បាត់បង់ កាបូបស្ពាយ ពណ៌ទឹកប៊ិច ចំនួន ០១ , ប្រាក់ដុល្លារ និងប្រាក់រៀលប្រហែល៥,០០០ដុល្លារអាមេរិក, ខ្សែកផ្លាកទីនទម្ងន់ មួយជី មានបន្តោងគុជចំនួន ០១, ទូរសព្ទ័ដៃម៉ាក OPPO F៥ ចំនួន ០១ គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១ សន្លឹក, លិខិតឆ្លងដែនមួយក្បាល និងសៀវភៅធនាគារ ចំនួន ០៣ ក្បាល ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅចំណុចមុខផ្សារស៊ុបភើស្ទ័រ ផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង៣និង ២៣ នាទី ។ ជនរងគ្រោះឈ្មោះ ស្រ៊ាន ទីណែត ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ ១៦E០ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះសម្ភារ:បាត់បង់កាបូបស្ពាយ ចំនួន ០១ , អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១, ប័ណ្ណបើកបររថយន្តឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១, ទូរសព្ទ័ដៃម៉ាកសាំសុង ស៊ីមកាតលេខ ០៨៩ ២៧១ ០៧៩ , ០៩៦ ៧ ៣២២ ៥៨៩ និងប្រាក់ដុល្លារ ចំនួន ៨០០ដុល្លារអាមេរិក។

ជនសង្ស័យ ១-ឈ្មោះ សេង សុខលាង ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ផ្លូវ បេតុង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី២-ឈ្មោះ ផាន់ សារុន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងនិងភស្តុតាងចាប់យកបានរួមមាន ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ៥០២៩៩០៨ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-8278(មធ្យោបាយជិះធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ផាន់ សារុន) ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ផ្កាឈូក ចំនួន ០១ គ្រឿង (របស់ជនរងគ្រោះចាប់យកពីឈ្មោះ ផាន់ សារុន ) និងម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីលែត ពណ៌សលាយក្រហម លេខតួ ៤២៤៧៤១ -លេខម៉ាស៊ីន ៤២៤៨២៥ ពាក់ស្លាកលេខ ភ្នំពេញ 1HI-1398 ចាប់យកពីឈ្មោះ សេង សុខលាង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់