ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល បើកលឿនមិនប្រកាន់ស្តាំ បុកម៉ូតូវ៉េវ ស្លាប់សិស្សសាលាម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 3E-3607 ជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល បានបុកជាមួយម៉ូតូហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1J-7519 កំពុងជិះដោយសិស្សសាលា២នាក់ បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

អ្នកបើកបររថយន្តបង្កមិនបានស្គាល់ពីអត្តសញ្ញាណទេ បានរត់បាត់។ ចំណែកអ្នកបើកបរម៉ូតូមានឈ្មោះ រ៉ាន់ ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិល្វា ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ តិប វិច្ឆកា ភេប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិមឈាយ ឃុំសំព្រោច ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន រួមផ្សំនឹងអ្នកបើកបរម៉ូតូ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

#ហាមលួចចម្លងអត្ថបទ និងរូបភាពដោយគ្មានការអនុញ្ញាតិ។

មតិយោបល់