ព័ត៌មានជាតិ

អុញនោះ! កាម៉ារីបាឡែនមួយគ្រឿង ត្រូវអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ

កំពង់ចាមៈ ថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង០០ នាទីយប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៧១-៧២ ត្រង់ចំណុចមុខអាហារដ្ឋានរំដួល៨៨ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានអគ្គិភ័យឆាបឆេះរថយន្តចំនួន០១គ្រឿង ។

រថយន្តខាងលើមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AG-២៦៣៤ បើកបរដោយឈ្មោះ វ៉េង វាង ភេទប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បើកបរទិសដៅពីលិចទៅកើត ខណៈបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបានឆ្លងប្រព័ន្ធភ្លើង បណ្តាលឲ្យបង្កជាអគ្គិភ័យកើតឡើងឆាបឆេះតែម្តង ។

ករណីនេះបណ្តាលឲ្យឆេះ រថយន្តខូចខាតទាំងស្រុង ដោយពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ពេលកើតហេតុនោះ កងកម្លាំងជំនាញ ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានចេញជួយអន្តរាគមន៍ ប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត បានពន្លត់ឲ្យភ្លើងរលត់ទៅវិញជាស្ថាពរ ៕

មតិយោបល់