ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿងបានបើកកៀររថយន្តមួយគ្រឿងទៀតម៉ាកស៊ីណា តាំងពីផ្លូវជាតិលេខ៤កែងផ្លូវទំនប់កប់ស្រូវ ហើយព្យាយាមរត់គេច ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមឃាត់រថយន្តក្រឡុងស៊ីម៉ង់តិ៍នោះបាននៅត្រង់ចំណុចមុខសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។
តាមប្រភពព័តមានបានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់តិ៍បង្កខាងលើនេះម៉ាក ហ៊្វុយស្សូ ពាក់ស្លាកលេខ ភ្នំពេញ 5A-2353 ជារថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនឯកជនមួយ ចំណែករថយន្តរងគ្រោះម៉ាកស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ 2AN-6870 ជាប្រភេទរថយន្តតាក់ស៊ី។
បើតាមម្ចាស់រថយន្តរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្តុបផ្លូវបំបែកទំនប់កប់ស្រូវ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់តិ៍ខាងលើនេះ បានបើកកៀររថយន្តរបស់គាត់រងការខូចខាតបន្តិចបន្តួច ប៉ុន្តែរថយន្តក្រឡុកស៊ីម៉ង់តិ៍នោះមិនព្រមឈប់ទទួលខុសត្រូវនោះទេ ដោយបានបើកព្យាយាមរត់គេចខ្លួន ក្រោយមកគាត់បានបើកដេញតាមតាំងពីផ្លូវជាតិលេខ៤ កែងផ្លូវទំនប់កប់ស្រូវ រហូតដល់គាត់បានទាក់ទងទៅសមត្ថកិច្ច ទើបអាចឃាត់រថយន្តក្រឡុកស៊ីម៉ង់តិ៍នោះបាននៅសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមពត័មានបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនរថយន្តក្រឡុកស៊ីម៉ង់តិ៍ខាងលើនេះបាន គឺអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍នោះហាក់ដូចជាមិនទទួលខុសត្រូវឡើយ ដោយឆ្លើយថា ខ្លួនមិនបានខុសនោះទេ ។
ក្រោយពីឃាត់រថយន្តក្រឡុកស៊ីម៉ង់តិ៍ដែលបានបុកកៀរគេរួចរត់គេចខ្លួននោះ ខាងតំណាងក្រុមហ៊ុនក៏បានចូលខ្លួនមកដោះស្រាយសម្របសម្រួល ដោយបានសុំទោសម្ចាស់រថយន្តរងគ្រោះ និងចរចាជួយជាសំណងចំនួន៥០ដុល្លារដើម្បីបាញ់ថ្នាំរថយន្តវិញ ព្រោះរថយន្តរងគ្រោះរងការខូចខាតតិចតួច ដើម្បីបញ្ចប់រឿង ហើយព្រមទាំងបានធ្វើការណែនាំដល់អ្នកបើករថយន្តក្រឡុកស៊ីម៉ង់តិ៍នោះផងដែរ៕




មតិយោបល់