ព័ត៌មានជាតិ

គ្រឿង​ចក្រ​អ៊ិចស្កា​វទ័រ​ បើក​ទាក់ខ្សែភ្លើង​ បណ្តាល​ទាញ​បាក់បង្គោល​ភ្លើង​មួយ​ដើម​

ភ្នំពេញៈ​ គ្រឿង​ចក្រកាយ​ដី​អ៊ិចស្កា​វទ័រ​មួយ​គ្រឿង​ ធ្វើដំណើរចេញ​ពី​ហ្គារ៉ាស​ជួសជុល​ រួច​ក៏​បើកឡើងលើ​រថយន្ត​ស្ទូច​មួយ​គ្រឿង​ទៀត​ ដោយមិន​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ទាក់ខ្សែ​ភ្លើង​ ដែលអូសកាត់​ទទឹង​ផ្លូវ​ទាញបាក់​បង្គោល​ភ្លើង​អស់មួយ​ដើម​ កាលពីវេលាម៉ោង​១០យប់​ ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាងលិចស្តុប​ច្រកចូល​ផ្សារ​ទំនើប​អ៊ីអន​២​ ប្រមាណ​៥០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ម្នាក់​ បានបើកបរ​គ្រឿង​ចក្រ​អ៊ិចស្កា​រវទ័រ​មួយ​គ្រឿង​ ចេញ​ពី​ក្នុង​ហ្គារ៉ាស​ជួសជុល​គ្មានយីហោ​ ​នៅ​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ។ ពេល​នោះ​គ្រឿងចក្រ​ខាងលើ ក៏បាន​បើក​ឡើង​លើរថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ MITSUBISHI ពណ៌ស​ ជាប្រភេទ​រថយន្ត​បួន​ភ្លៅរបស់​ក្រុមហ៊ុន​ រាជសីហ៍​ ឡូជីស្ទីក​ ពាក់ស្លាកលេខ​ ភ្នំពេញ​3A-6875 ដែលកំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ត្រង់ចំណុចកើត​ហេតុ​ដើម្បី​ដឹក​គ្រឿងចក្រ​ខាងលើ។ នៅពេលបើក​ឡើងលើរថយន្ត​ដឹក​ខាងលើរួច​​ គ្រឿងចក្រ​នោះ ​ក៏​បានបង្វែរ​ប្រមោយ​បែរ​ទៅ​ខាង​ក្រោយ​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ជាមួយ​និង​កាប៊ីន​រថយន្ត​ដឹក​ខាងលើ។ ខណៈ​​នោះ​ ដោយ​អ្នក​បើក​បរ​គ្រឿងចក្រ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏បង្វែរប្រមោយ​ទៅ​ទាក់​និងខ្សែ​ភ្លើង​ដែលអូសកាត់​ទទឹង​ផ្លូវ​ បណ្ដាល​ឲ្យ​ទាញ​បង្គោល​ភ្លើង​មួយ​ដើម​បាក់ ​ពាក់​កណ្តាល​ធ្លាក់ខ្សែភ្លើង​ចុះមក​ក្រោម​ តែ​មិន​បាន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ គ្រាន់​តែ​ធ្វើឲ្យ​ចរន្ត​អគ្គិសនី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាច់ និង​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ ក៏​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ ហើយ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ ឲ្យ​ចុះ​មក​ធ្វើការ​យ​ក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ ជា​មួយ​អគ្គិសនី​កម្ពុជា​​ ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

មតិយោបល់