ភ្នំពេញៈ បុរសបើករថយន្តកាម៉ារីបាលែនមួយគ្រឿង បើកលឿនដូចហោះ ជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តកូរ៉ូឡាមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក តូយូតាកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-7078 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានបើកឆ្លងកាត់ផ្លូវ១៩៥៨ ដោយឆ្លងជិតផុតហើយ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក កាម៉ារីបាលែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AB-9607 បើកបរដោយយុវជនម្នាក់ តាមបណ្ដោយផ្លូវ១៩៥៨ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន មកបុករថយន្តខាងលើចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរថយន្តកូរ៉ូឡារងការខូចខាតក្រពឹតទ្វារខាងស្តាំយ៉ាងដំណំ រីឯរថយន្តបាលែនរងការខូចខាតក្រពឹតមួយកំណត់មុខ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ហើយក៏បានឲ្យយភាគីទាំងពីរសម្របសម្រួលដោះស្រាយគ្នា តែដោយភាគីទាំងពីរមិនអាចដោះស្រាយគ្នាបាន សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់