ព័ត៌មានជាតិ

សិស្សវិទ្យាល័យទួលអំពិល១ក្រុម បើកឆាកប្រយុទ្ធលើយុវជន២នាក់ របួសធ្ងន់ស្រាល ក្នុងបរិវេណវិទ្យាល័យទួលអំពិល!!!

ភ្នំពេញ: ស្មានតែរឿងហុងកុង តាមពិតក្រុមសិស្សសាលាទួលអំពិល បានបើកការប្រយុទ្ធអុកឡុកវាយទៅលើយុវជន២នាក់ នៅក្នុងតូបលក់ប្រហិតក្នុងបរិវេណវិទ្យាល័យទួលអំពិល បង្កការភ្ញាក់ផ្អើលដល់លោកតាដែលជាម្ចាស់តូច ភ័យនាំគ្នារត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្នុងបរិវេណវិទ្យាល័យទួលអំពិល ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ និងលោកតាម្ចាស់តូបលក់ប្រហិតខាងលើបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះទាំង២នាក់ រួមនឹងសិស្សសាលាប្រុសស្រីជាច្រើននាក់ទៀតមកអង្គុយញ៉ាំប្រហិតនៅតូបលក់របស់គាត់មួយសន្ទុះ ក្រោយមកក៏មានក្រុមក្មេងទំនើងប្រហែល៤នាក់ស្លៀក ឯកសណ្ឋានជាសិស្សសាលា ជិះម៉ូតូ២គ្រឿងចតឈប់ដើរសម្ដៅមកក្នុងតូបរបស់គាត់ទាញកៅអីវាយសន្ធប់ទៅលើក្បាលយុវជនទាំង២នាក់បណ្តាលឲ្យបែកក្បាលម្នាក់ និងម្នាក់ទៀតរងរបួសដៃនិងវាយបំផ្លិចបំផ្លាញទូកញ្ចក់និងកៅបែកបាក់ខ្ទាតប្រហិតម្ទេស បង្កឲ្យមានការភិតភ័យដល់អ្នកលក់និងសិស្សសាលាដ៍ទៃទៀតរត់ចែកជើងគ្នា។ ចំណែកលោកតាម្ចាស់តូបជិះម៉ូតូរត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោឲ្យជួយអន្តរាគមន៍។ ភ្លាមៗនោះដែរកម្លាំងនគរបាលប៉ុស្តិ៍ដង្កោបានរួសរាន់ទៅដល់កន្លែងកើតដើម្បីឃាត់ក្រុមជនបង្កតែក្រុមជនបង្កដឹងខ្លួនទាន់ក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុស្ត្រីម្ចាស់តូបលក់ប្រហិតបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីទារសំណងថ្លៃខូចខាតសម្ភារ:របស់គាត់វិញ៕

មតិយោបល់