ព័ត៌មានជាតិ

កុំស្មានតែគេចខ្លួនរួចនោះ! ប្លន់សម្លាប់នៅភ្នំពេញ តាមបង្ក្រាបបាននៅខេត្តបាត់ដំបង

ភ្នំពេញ-បាត់ដំបង: កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីប្លន់សម្លាប់នៅរាជធានីភ្នំពេញនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបបាន២នាក់ ម្នាក់នៅភ្នំពេញ និងម្នាក់ទៀតបង្ក្រាបបាននៅខេត្តបាត់ដំបង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងជំនាញបានដឹកនាំ និងមានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយកំណត់បាននូវមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន់ ទង (ហៅ ធី) អាយុ២៥ឆ្នាំ នៅចំណុចច្រកទ្វារអន្តរជាតិដូង នៅផ្ទះសំណាក់លេខ៨២ ភូមិអូជាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្រោយពីការឃាត់ខ្លួន និងសាកសួរជនសង្ស័យ បានសារភាពថា ពិតជាបាន(ប្លន់សម្លាប់យកម៉ូតូ)ពីឈ្មោះយ៉ាន់ វឿន ពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៩:៣០នាទី នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពិតប្រាកដមែន។

ដោយឡែក នៅថ្ងៃទី០១ ខែកុម្ភ: ២០១៩ កម្លាំងជំនាញបានបន្ដ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សេក សំរ៉ុង អាយុ៣៦ឆ្នាំ នៅចំណុចផ្ទះជួលលេខ១៨៦២ ផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធទិញម៉ូតូ ពីជនសង្ស័យខាងលើ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូត វត្ថុតាងនៅកន្លែងកើតហេតុ រួមមាន៖ កូនកាំបិតចិតបន្លែដងតូច ចំនួន១ និងកាត់គ្រីម៉ូតូ ចំនួន០១សន្លឹក។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីបន្ត។

សូមជម្រាបថា ករណីនេះកើតឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ៣ នៃផ្ទះសំណាក់ឈ្មោះ ចាន់ ត្រជាក់ចិត្ត ដែលស្ថិតនៅទីតាំងផ្ទះលេខ២១៥ ផ្លូវបេតុង ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្លន់សម្លាប់ យកម៉ូតូពីជនរងគ្រោះឈ្មោះ យ៉ាន់ ធឿន មុខរបររត់ម៉ូតូឌុប៕

មតិយោបល់